(ព្រះវិហារ)៖ រថយន្ត SIENNA មួយគ្រឿង បានលួចដឹកឈើប្រណិត គេចពីសមត្ថកិច្ច ដើម្បី​យកទៅលក់ ដោយសារតែដាក់ឈើច្រើនពេក ហើយបើកលឿនផងនោះ បានបណ្តាលឲ្យ បែកកង់ខាងឆ្វេងក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះ ម្ចាស់រថយន្ត​បានរត់គេច​ខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលស្រុករវៀង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបណ្តាលឲ្យ រថយន្តបែកកង់ខាងឆ្វេង ក៏ក្រឡាប់តែម្តងទៅ។ អ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ ក្រោយហេតុការណ៍ក្រឡាប់រថយន្តនោះ គឺនៅក្នុងរថយន្តមានផ្ទុកឈើប្រណិតខុសច្បាប់ប្រភេទ ធ្នង់ជាច្រើនដុំ រីឯម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដែលក្រឡាប់នោះម៉ាក SIENNA ពណ៍ស ពា​ក់ស្លាកលេខ ភ្នំពេញ 2AC-3088 ហើយឈើធ្នង់នៅក្នុងរថយន្តមានចំនួន១៦៧ដុំ។ ចំណែកវត្ថុតាងរួមមានរថយន្ត និងឈើត្រូវបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង៕