(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានជាសមាជិក និងមន្រ្តីឥណទានទាំងអស់ ត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់សម្រាប់ពលរដ្ឋថា លុយដែលពលរដ្ឋខ្ចីជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគម ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (រួមទាំងគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ) ចំនួន១០១ ដែលកំពុងធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត បានបញ្ជាក់ទៅកាន់ គ្រឹះស្ថានជាដៃគូ និងសាធារណជន សារជាថ្មីថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជា គ្រឹះស្ថានឯកជនសុទ្ធសាធ និងធ្វើប្រតិបត្តិការសំដៅទទួលបានប្រាក់ចំណេញ ហើយអតិថិជនដែលទទួលប្រាក់កម្ចីត្រូវមានកាតព្វកិច្ចសងត្រឡប់តាមកិច្ចសន្យាកំណត់។

សមាគម បញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយពី «ការលុបបំណុល» ឬការផ្សព្វផ្សាយស្រដៀងគ្នា គឺជាសកម្មភាពប្រជាភិថុតិ ដែលជំរុញប្រជាពលរដ្ឋ ឲ្យខ្ចីប្រាក់ហួសពីតម្រូវការ បង្កជាបញ្ហាលំបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គម៕