(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត Nigel Brett នាយកប្រតិបត្តិការថ្មីនៃអង្គការ IFAD ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងសហការីចូលសម្តែងការគួរសម ណែនាំអ្នកគ្រប់គ្រងកម្មវិធីថ្មីប្រចាំកម្ពុជា និងជម្រាបជូនជ្រាបនូវបច្ចុប្បន្នភាព ក៏ដូចជាស្នើសុំអនុសាសន៍ ដើម្បីតម្រង់ទិសនៃការអនុវត្តកម្មវិធី The Agriculture Services Program for Innovation, Resilience and Extension (ASPIRE) គម្រោង The Project for Agriculture Development and Economic Empowerment (PADEE) និងគម្រោង Scaling-up of Renewable Energy Technologies in Rural Cambodia (SRET) ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងអរគុណដល់អង្គការ IFAD ដែលបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្មនេះតែម្តង។

លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃកំណើនក្នុងវិស័យកសិកម្មទទួលបានប្រមាណជា២% ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះអង្គការ IFAD បានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពតាមរយៈបង្កើន ផលិតភាពផលិតកម្ម បង្កើនសមត្ថភាពទាំងផ្នែកដាំដុះ និងបច្ចេកទេស និងបានលើកកម្ពស់ប្រាក់ចំណូលគ្រួសារស្រប តាមកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីសង្ឃឹមថា អង្គការ IFAD និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះ ដើម្បីជួយដល់រាជរដ្ឋាភិបាល សម្រេចនូវគោលនយោបាយ ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

លោកបណ្ឌិត Nigel Brett បានធ្វើការកោតសរសើរចំពោះសន្ទុះ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយលោកក៏បានវាយតម្លៃខ្ពស់ ចំពោះការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាអនុវត្តគម្រោង PADEE និង SRET ជាពិសេសកម្មវិធី ASPIRE ទទួលបានលទ្ធផលគួរជាទីមោទនៈ។ សូមបញ្ជាក់ផងដែរថាកម្មវិធី ASPIRE នេះបានទទួលលទ្ធផលយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យអង្គការ IFAD មានគម្រោងបន្ថែមទុនឧបត្ថម្ភជាង១២លានដុល្លាអាមេរិកបន្ថែមទៀត ដើម្បីជំរុញកម្មវិធីនេះ ឲ្យគ្របដណ្តប់ទូទាំងប្រទេស។

នាក្នុងឱកាសនោះ លោករដ្ឋមន្ត្រីកសិកម្ម បានឯកភាពលើគម្រោងបន្ថែមទុនឧបត្ថម្ភរបស់អង្គការ IFAD ហើយលោករដ្ឋមន្ត្រីក៏បានណែនាំ ឲ្យមានការរៀបចំជាសិក្ខាសាលា ឬកិច្ចប្រជុំមួយ ដើម្បីបង្ហាញពីវឌ្ឍនភាព និងលទ្ធផលដែលទទួលបានពី កម្មវិធីនេះផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀត ដើម្បីជាស្នូលតម្រង់ទិស នៃការអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត ដោយទី១៖ ត្រូវគិតគូរដល់ការបម្រែបំរួលអាកាសធាតុ, ទី២៖ ការគ្រប់គ្រង និងប្រើប្រាស់ធារាសាស្ត្រកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព, ទី៣៖ ការកំណត់តំបន់ដាំដុះស្របតាមគុណភាពដី បរិមាណទឹកដែលមាន និងអាកាសធាតុ, ទី៤៖ ជម្រុញការធ្វើទំនើបកម្មកសិកម្ម និងទី៥៖ លើកស្ទួយអាហាររូបត្ថម្ភដល់ប្រជាជន៕