(ភ្នំពេញ)៖ តំណាងសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានកម្ពុជា២រូប រួមទាំងអ្នកសារព័ត៌មានអាស៊ាន-ចិន ជាង៤០រូបទៀត បាននិងកំពុងធ្វើទស្សនកិច្ច និងទេសចរ នៅតំបន់សំខាន់មួយចំនួន នៅខេត្តអានហ៊ុយ ប្រទេសចិន។

ដំណើរទស្សនកិច្ច និងទេសចរណ៍នេះ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តអានហួយ ដោយសហការជាមួយ ដោយមានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរឹតចំណងទំនាក់ទំនង មិត្តភាពរវាងចិន និងអាស៊ាន និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម នៅក្នុងខេត្តនេះទៅកាន់បណ្តាប្រទេសអាស៊ានផងដែរ។

ថ្លែងក្នុងពិធីបើកកម្មវិធី ដំណើរទស្សនកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុករបស់ចិន (ASEAN 10 Nations Mainstream Media and China's Central Leading Overseas-targeted Media: Touring Anhui) នៅតំបន់ពិព័រណ៍ ទេសចរណ៍ និងវប្បធម៌ អន្តរជាតិ នៅក្រុង Hefei ក្នុងខេត្ត Anhui នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លោក យូ អាយហ័រ ( Yu Aihua) សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តអានហួយ និង ជាអគ្គនាយក នៃនាយដ្ឋានសាធារណៈ នៃគណៈកម្មាធិការគណបក្សរបស់ខេត្តអានហួយ បានប្រកាសស្វាគមន៍ដល់ដំណើរទស្សនកិច្ច និងទេសចរណ៍របស់អ្នកសារព័ត៌ាមានអាស៊ាន និង ប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុករបស់ចិន។ លោកបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំដំណើរទស្សនកិច្ច និងទេសចរនេះ យ៉ាងល្អប្រសើរ២ឆ្នាំកន្លងមក។

លោក វីធីត ប៉ូវ៉ាតាណាស៊ុក (Vithit Powatanasuk) នាយកផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃ មជ្ឈមណ្ឌល អាស៊ានចិន ( ACC) បានថ្លែងថា ការចូលរួម និងការគាំទ្រ របស់ប្រព័ន្ធផ្សព្វផ្សាយ នាពេលនេះគឺជាមធ្យោបាយ ដ៏មាន ប្រសិទ្ធិភាព ដើម្បីពង្រីកវិស័យទេសចរណ៍ កាន់តែធំថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយបានក្លាយជាស្ពានដ៏សំខាន់ និងជាចំណងនៃការផ្លាស់ប្តូរវប្បធម៌ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ លោកជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយអាស៊ានចិន បង្កើនការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ទៅវិញទៅមក។

នេះជាដំណើរទេស្សនកិច្ច និងទេសចរណ៍លើកទី៣ ហើយសម្រាប់ក្រុមអ្នកសារព័ត៌មានអាស៊ាន ទៅកាន់ខេត្តអានហួយ។ កាលពីឆ្នាំមុនទស្សនកិច្ច និងទេស​ចរណ៍របស់ក្រុមអ្នកសារព័ត៌មាន ត្រូវបានធ្វើឡើងនៅភាគខាងត្បូងអានហួយ ប៉ុន្តែឆ្នាំនេះ អ្នកសារព័ត៌មានអាស៊ាន ត្រូវបានផ្តល់ឱកាសឱ្យធ្វើដំណើរកម្សាន្តនៅប៉ែកខាងជើងវិញម្តង។ ការកម្សាន្តលើកនេះ បានធ្វើឡើងនៅក្រុង Hefei, លូអាន (Lu An), ហាយណាន (Huainan), ប៉ឹងពូ (Bengbu), ស៊ូចូវ (Suzhou) និងទីក្រុងហាយប៉េ (Huaibei)ផងដែរ។

លោកស្រី ម៉ា ហាន់ឌី ប្រធានប្រតិភូអ្នកព័ត៌មាន អាស៊ាន-ចិន ឆ្នាំ២០១៨ បានថ្លែងអំណរគុណចំពោះការរៀបចំដំណើរទស្សនកិច្ច និងទេសចរ សម្រាប់អ្នកសារព័ត៌មានអាស៊ាន។ លោកស្រីបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងខេត្ត Anhui ក៏ដូចជាអាស៊ានចិន នឹងបន្តកាន់តែយូរអង្វែងថែមទៀត។

លោក Zheng Mingwu អគ្គនាយកនៃការិយាល័យព័ត៌មាន ខេត្ត Anhui បានលើកឡើងថា អាស៊ាន និងចិនគឺជា អ្នកជិតខាង និងជាដៃគូដ៏ល្អ ជាមួយគ្នា ហើយក៏ជាកត្តាដ៏សំខាន់ សម្រាប់ការបើកចំហរមកកាន់ខេត្ត Anhui។ ការអនុវត្ត កិច្ចផ្តួចផ្តើម វិថី១ខ្សែក្រវាត់១ ដែលដាក់ចេញដោយ លោកប្រធានាធិបតី ស៊ី ជិនពីង ធ្វើទំនាក់ទំនងរវាង អាស៊ាន និងខេត្ត Anhui មានការរីកចម្រើនលូតលាស់ គួរឱ្យកត់សម្គាល់។

ខេត្តអានហួយ បានបង្កើតសហគ្រាស ចំនួន៩១ នៅក្នុងប្រទេសអាស៊ានទាំង១០ ជាមួយទុនវិនិយោគ ៣៩០ លាន ដុល្លារអាមេរិក។ នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម រវាងអានហួយ និងអាស៊ាន មានទឹកប្រាក់ជិត៦ពាន់លានដុល្លារ ដែល កើនឡើង ១៧,៧ ភាគរយ ធៀបនឹងឆ្នាំ២០១៦។ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨នេះ ខេត្តអានហួយ និង អាស៊ាន មានទំហំពាណិជ្ជកម្ម ២,០៥ ពាន់លានដុល្លារ ដែលកើនឡើង២៤,៤ភាគរយផងដែរ៕