(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន១២នាក់ ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ នៅហាងកាហ្វេ សិប្បកម្មឈើ(មុខរ៉ុក) សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ​​សហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី​ លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន ​កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារ-គ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន​១២នាក់ ស្រី៣នាក់ (ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១២នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕