(ស្វាយរៀង)៖ សិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៧ របស់ខេត្តស្វាយរៀង ដែលសហការរៀបចំឡើងដោយកម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្រសួងផែនការ និងមន្ទីរផែនការខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងមានការចូលរួមពីលោក ហ៊ូវ តនៈ អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងអំណរគុណចំពោះលោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាកខេត្ត និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រ ក្នុងរយៈពេលកន្លងមក រហូតដល់ទទួលបាននូវទិន្នន័យគ្រួសារក្រីក្រ ដែលមានលក្ខណៈគួរឲ្យទុកចិត្តបាន។

លោក ឆាយ ថន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដើម្បីជំរុញកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកប ដោយដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។

លោក ឆាយ ថន បានថ្លែងបញ្ជាក់ថា ជាការពិតណាស់ថាការកាត់បន្ថយភាពក្រីក្រ មិនមែនជាការងារដែលយើងអាចសម្រេចបានក្នុងរយៈពេលមួយឆ្នាំរឺ ពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ ដូច្នេះរាល់សកម្មភាពការងារ ក៏ដូចជាអន្តរាគមន៍ទាំងឡាយ របស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការរួមចំណែកឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ។

លោក ឆាយ ថន បានបន្តថា ដើម្បីការងារនេះ និងដើម្បីធានាប្រសិទ្ធភាព ព្រមទាំងពន្លឿនក្នុងការកាត់បន្ថយភាពក្រីក្រឲ្យបានលឿន ក្រសួងផែនការយល់ឃើញថា គួរមានសំណុំអន្តរាគមន៍សេវា២យ៉ាង គឺសំណុំអន្តរាគមន៍សេវា ដើម្បីបង្កើនចំណូល និងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុតដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិដែលអាចបណ្តាលឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានភាពធ្ងន់ធ្ងរឡើង។

ដើម្បីសម្រេចបានគោលបំណងនេះ យើងពិតជាត្រូវការជាចាំបាច់នូវទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារនិងមានលក្ខណះជាស៊េរីនៅតាមភូមិឃុំ សង្កាត់នីមួយៗគឺជាសេចក្តីត្រូវការចាំបាច់ពុំអាចខ្វះបាន៕