(កំពត)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រកាសថាសមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាស ២០១៨» ដែលធ្វើឡើងនៅបន្ទាយតេជោសែនជុំគិរី ទទួលបានលទ្ធផលល្អគាប់ប្រសើរ ខណៈការបាញ់សាកល្បងប៉ុន្មានថ្ងៃនេះ បាញ់ចំគោលដៅផ្ទួនៗតែម្ដង។

លោកនាយឧត្តមសេនីយ៍ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ២០១៨» នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

ប្រមុខមេទ័ពខ្មែរបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យបានជ្រាបច្បាប់ថា កិច្ចការពារមាតុភូមិរបស់យុទ្ធជនខ្មែរ គ្មានពេលបានសម្រាកឡើយ ពោលនៅពេលមានសុខសន្តិភាព កងទ័ពត្រូវមានភារកិច្ចហ្វឹកហ្វឺនទាំងយប់ទាំងថ្ងៃ ដើម្បីបង្កើនគុណភាព និងមានសមត្ថភាព ពីព្រោះតែកងទ័ពកម្ពុជាបានឈានដល់កម្រិតមួយហៅថា កងទ័ពដែលមានលក្ខណៈអន្តរជាតិ ឬក្នុងតំបន់។ ជាពិសេសបច្ចុប្បន្ននេះ កងទ័ពកម្ពុជារាប់ពាន់នាក់បានទៅបំពេញបេសកកម្មមួកខៀវការពារសន្តិភាព នៅអាហ្វ្រិកកណ្ដាល ប្រទេសលីប៊ី ប្រទេសស៊ូដង់ និងបណ្ដាប្រទេសមួយចំនួនទៀត ដូច្នេះហើយកិច្ចងាររបស់កងទ័ពកម្ពុជាកាន់តែមានកិត្យានុភាពទាំងក្នុងអង្គភាព និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឲ្យដឹងទៀតថា ទម្រាំរាជរដ្ឋាភិបាល ពិសេសក្រសួងការពារជាតិ រៀបចំសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ២០១៨» នេះឡើង គឺក្រុមមន្ត្រីពាក់ព័ន្ធបានប្រឹងប្រែងរៀបចំអស់រយៈពេល៣ឆ្នាំមកហើយ។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្ថែមថា ទីតាំងដែលកងទ័ពកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត «លំហាត់ហនុមានមាស ២០១៨» ក្នុងបន្ទាយតេជោសែនជុំគិរី ដែលមានផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពតនោះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនការពារអាកាស ដូចជាការបាញ់ទម្លាក់ឧត្ថម្ភាគចក្រ ទម្លាក់គ្រាប់បែកពីលើឧទ្ធម្ភាគចក្រ និងលំហាត់កងទ័ពជាច្រើនលើកទៀត។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងយ៉ាដូច្នេះថា «កាលពីជាង៣ឆ្នាំមុន យើងមិនអាចនិយាយប្រាប់បានទេ គ្រាន់តែថាកន្លែងកងទ័ពតែប៉ុណ្ណោះឯង (បន្ទាយតេជោសែនជុំគីរី) មកដល់ពេលនេះបានយើងដឹងថា សារសំខាន់នៃតំបន់នេះធ្វើអ្វីខ្លះ នៅមានការសាកល្បងបាញ់ច្រើនលើកតទៅទៀត ហើយជាកន្លែងហ្វឹកហ្វឺន ជាពិសេសនៅទីនេះ ផ្ទៃដីរបស់យើងមានប្រមាណជាង ១ម៉ឺនហិកតានេះ នៅថ្ងៃក្រោយនឹងហ្វឹកហាត់ខាងការពារអាកាស អាចថាទម្លាក់គ្រាប់បែក ឬមួយក៏បាញ់ឧត្ថម្ភាគចក្រ ឬមួយក៏ទម្លាក់គ្រាប់បែកពីលើឧត្ថម្ភាគចក្រ ក៏យកតំបន់នេះដែរ»

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការបាញ់គ្រាប់ពិត បានបញ្ជាក់ថា លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចគ្រឿងយន្តអន្តរាគមន៍ ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមន៍ មានដូចជា វរសេនាតូចរថពាសដែក, វរសេនាតូចរថក្រោះ, T55 វរសេនាតូចកាំភ្លើងធំ និងបង្កើនបន្ថែមឲ្យកាំភ្លើងយុទ្ធសាស្រ្ត BM21, RM70 ជាដើម។

សូមរំលឹកថា លំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺបានធ្វើឡើងជាលើកទី៣ហើយ ដែលកាលពីលើកទី១ នៅឆ្នាំ២០១០, លើកទី២ នៅឆ្នាំ២០១៣ ហើយលើកទី៣នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំជាងមុនទ្វេដង ដោយនឹងបាញ់ចេញនូវគ្រាប់ពិតប្រភេទធំរហូតដល់ជាង ១,០០០គ្រាប់៕