(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដាស់តឿន និងសំណូមពរដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ៗគ្នា ឲ្យចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលអាចដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

អភិបាលខណ្ឌឫស្សីកែវ បានដាស់តឿនយ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីចូលរួមដោយផ្ទាល់ ក្នុងការដោះស្រាយក្ដីកង្វល់នានា ពិសេសបញ្ហាដាក់ប្រព័ន្ធលូបង្ហូររំដោះបញ្ចៀស ការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

ជាមួយគ្នានេះលោក ជា ពិសី ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនាញុះញង់ឲ្យមានការយល់ខុស មកលើគណបក្សប្រជាជនកម្ពុជា ហើយត្រូវយល់ឲ្យបានច្បាស់ អំពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដើម្បីបន្សាបការញុះញង់របស់ក្រុមប្រឆាំង ដែលកំពុងបំពុលសង្គមកម្ពុជាឲ្យមានការយល់ច្រឡំលើរាជរដ្ឋាភិបាល។

អភិបាលខណ្ឌឫស្សីកែវរូបនេះ បានថ្លែងថា «ចាំបាច់សូមប្រជាពលរដ្ឋចលនានាំគ្នា ទៅបោះឆ្នោត ត្រូវត្រៀមមធ្យោបាយសម្រួលដល់ការធ្វើដំណើររបស់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋ ដែលទៅបោះឆ្នោត ពិសេសត្រូវធានាថា សមាជិកបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក មានសារសំខាន់ណាស់ ដើម្បីនាំយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំពុងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ»

លោកបានរម្លឹកទៅពលរដ្ឋថា កុំភ្លេចអ្នកដែលមានសិទ្ធិបោះឆ្នោត សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាឲ្យបន្តរីកចម្រើនទៅមុខទៀត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕