(ភ្នំពេញ)៖ លោក ជា ចំណាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ ចុះជួយឃុំក្រែក និងជាតំណាងរដ្ឋមន្ត្រី វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក បានដឹកនាំក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាល ជាមួយ សមាជិកគណៈកម្មាធិការបក្សស្រុក​ បក្សឃុំ និងសាខាបក្សភូមិទាំង៣៣ ទូទាំងឃុំក្រែក ប្រមាណជាង១០០នាក់។

លោក ជា ចំណាន បានបញ្ជាក់ឲ្យដឹងថា ការចុះជួបសមាជិកគណៈកម្មាធិការបក្សស្រុក​ បក្សឃុំ និងសាខាបក្សភូមិទាំង៣៣ ទូទាំងឃុំក្រែក នាពេលនេះ គឺដើម្បីសំណេះសំណាល និងដាក់ផែនការសួរសុខទុក្ខ ដល់សមាជិកសមាសិការគណបក្សប្រជាជនកម្ពុជា តាមភូមិ ក្រុម ដល់ខ្នងផ្ទះ ដោយពិនិត្យការខ្វះខាត និងក្តីកង្វល់ជុំវិញការអនុវត្តន៍កម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល និងតម្រង់ទិសឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយទទួលបានជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក ជា ចំណាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានណែនាំដល់ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាឃុំក្រែកទាំងអស់ ត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈានឆ្ពោះទៅភាពជោគជ័យតាមផែនការ និងគោលដៅរបសគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនេះ លោក ជា ចំណាន បានស្នើឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហា និងកំណត់តួរលេខ ឲ្យបានច្បាស់លាស់ តាមក្រុមបក្សទាំងអស់ ដោយឈរលើគោលការណ៍គណបក្សសមាជិកម្នាក់ សន្លឹងឆ្នោតមួយសន្លឹក៕