(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គមេបញ្ជាការរងនគរបាលជាតិ បានដាស់តឿនឱ្យកម្លាំងនគរបាលជាតិទាំអស់ ត្រូវត្រៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្រ្គោះពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយ គ្រប់បែបយ៉ាងជាយថាហេតុណាមួយ។

នាយឧត្តមសេនីយ៍ មួន សារ៉ន បានថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយ-នាយរងនគរបាលជាតិ នៃអង្គភាពអន្តរាគមន៍ចំនួន៣០០នាក់ ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយឧត្តសេនីយ៍ បានបន្តថា កម្លាំងនគរបាលជាតិ ត្រូវគោរពរាលបទបញ្ញត្តិច្បាប់រដ្ឋ និងចូលរួមឱ្យសកម្ម ក្នុងការអនុវត្តន៍គោលនយោបាយ កែទម្រង់​កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ បន្តការតស៊ូអត់ធន់ លះបង់ខ្ពស់បំផុត ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវវិស័យសេចក្តីថ្លៃថ្នូរ ឱ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ជាតិ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មួន សារ៉ន បានបញ្ជាក់ថា កម្លាំងនគរបាលទាំងអស់ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ បំបាត់ឱ្យបាននូវភាពអសកម្ម​ទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាគ្នាគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម។ មិនតែប៉ុណ្ណោះ ត្រូវបង្កើនវិធានការ ការគ្រប់គ្រងថែរក្សាការពារសម្ភារ ឧបករណ៍ អាវុធជាតិផ្ទុះ ឱ្យបានគង់វង្សមិនធ្វេសប្រហែសដោយប្រការណាមួយ ដែលនាំឱ្យធ្លាក់ទៅដៃជនទុច្ចរិត យកទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលជាហេតុបង្កឱ្យមានអសន្តិសុខ អស្ថេរភាព ក្នុងសង្គមជាតិនោះឡើយ៕