(បន្ទាយមានជ័យ)៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការ​បង្រ្កាបការធ្វើជំនួញសត្វព្រៃឆ្លងដែនខុសច្បាប់​​ ប្រភេទសត្វអន្សង និងសត្វអណ្តើកសរុប៧២១គីឡូក្រាម ខណៈដែលឈ្មួញនាំចេញពីប្រទេសថៃ ចូលមកកម្ពុជាឆ្លងកាត់ច្រករបៀង ក្នុងភូមិសាស្រ្តឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ផងដែរ។

ការបង្រ្កាបនេះ ធ្វើឡើងនៅម៉ោង៩៖៣០នាទី យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ភូមិថ្មីឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងបទល្មើសនេះដែរ រថយន្តនិងសត្វព្រៃ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ​ សមត្ថកិច្ចនគរបាល មន្រ្តីអង្គភាពជំនាញរដ្ឋបាលព្រៃឈើ ត្រួតពិនិត្យជាក់ស្តែង ដែលមានការចូលរួមពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ និង ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ពិនិត្យឃើញសត្វអន្សងមានចំនួន ៧០ក្បាល ស្មើនឹងទម្ងន់៣៥១គីឡូក្រាម និងសត្វអណ្តើកចំនួន ៦១៨ក្បាល ស្មើនឹងទម្ងន់៤០៦គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត តាមខ្លឹមសារនៃកិច្ចប្រជុំប្រចាំខែកន្លងទៅថ្មីៗ បានជំរុញឲ្យកម្លាំងនគរបាលការិយាល័យជំនាញត្រូវពង្រឹង នៃការចុះត្រួតពិនិត្យបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការចូលរួមប្រមូលពន្ធ ចូលរដ្ឋតាមរយៈវិធានការ ចំពោះក្រុមឈ្មួញរត់ពន្ធទំនិញ តាមច្រករបៀងខុសច្បាប់ជាដើមនោះ។

លោកបានឲ្យដឹងទៀតថា បើតាមចម្លើយសារភាពរបស់អ្នកបើករថយន្តមានឈ្មោះ សោម​ កែវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឲ្យដឹងថា រូបគេគ្រាន់តែស៊ីឈ្នួលបើករថយន្តដឹកសត្វព្រៃទាំងនោះឲ្យឈ្មោះ ជីម និងឈ្មោះ ភ័ណ្ឌ នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ។ ការដឹកសត្វព្រៃឆ្លងដែនមានរយៈពេល១ឆ្នាំមកហើយ ដោយដឹកចេញពីច្រករបៀងជិតវត្តឡងខង ,ច្រករបៀងអរប៉ នៅជិតវត្ត៩៣ និងច្រករបៀងជិតរោងវែង។

​លោកបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ជាក់ស្តែងសត្វព្រៃទាំង២ប្រភេទនោះ ក៏បានប្រគល់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកចាត់ចែងប្រលែងចោលកន្លែងមានសុវត្ថិភាព ចំណែកអ្នកបើករថយន្ត និងរថយន្តបំរើការដឹកជញ្ជូនបទល្មើស នឹងបញ្ជូនទៅតុលាដើម្បីការចាត់ការតាមផ្លូវច្បាប់៕