(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតអង្គការ សហប្រតិបត្តិការព្រៃឈើអាស៊ី គឺអាចចាត់ ទុកថា ជាសមិទ្ធផលថ្មីមួយទៀត ដើម្បីធានាការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធាន ព្រៃឈើប្រកប ដោយនីរន្តរភាព ក្នុងក្របខ័ណ្ឌកំណែ ទម្រង់ស៊ីជម្រៅដ៏ត្រចេះត្រចង់ របស់រាជរដ្ឋា ភិបាលលើវិស័យព្រៃឈើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក វេង សាខុន បានធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន រួមជាមួយនិងលោក-លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាការទី៣ និងទី៨ នៃ រដ្ឋសភា ដែលដឹកនាំដោយ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៥ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រាង បង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ី ដែលហៅកាត់ថា អាហ្វូកូ (AFoCO : Asian Forest Cooperation Organization) ត្រូវបានបង្កើតទ្បើង ក្រោមរូបភាព ជាអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យព្រៃឈើក្នុងតំបន់ តាមរយៈការបម្លែងគោលនយោបាយ និងបច្ចេកវិទ្យា ឲ្យទៅជាសកម្មភាពជាក់ស្តែង ក្រោមបរិបទ នៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយផលប៉ះពាល់ អំពីការប្រែប្រួលអាកាសធាតុ ហើយទីស្នាក់ការកណ្តាល របស់អង្គការអាហ្វូកូ និងលេខាធិការដ្ឋាន មានទីតាំងស្ថិត នៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ។

រហូតមកទល់ពេលនេះ មានប្រទេសចំនួន១០បានចុះហត្ថលេខារួចហើយ លើកិច្ចព្រមព្រៀងស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ីនេះ ក្នុងនោះរួមមាន៖
១៖ សាធារណរដ្ឋកូរ៉េ, ២៖ សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត, ៣៖ សាធារណរដ្ឋឥណ្ឌូណេស៊ី, ៤៖ រាជាណាចក្រប៊ូតង់, ៥៖ សាធារណរដ្ឋសង្គមនិយមវៀតណាម, ៦៖ ព្រះរាជាណាចក្រកម្ពុជា, ៧៖ រាជាណាចក្រព្រុយណេ, ៨៖ សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា, ៩៖ ប្រទេសម៉ុងហ្គោលី និង១០៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងចំណោមប្រទេសហត្ថលេខី ទាំង១០ខាងលើ មានប្រទេសចំនួន៥ បានដាក់តម្កល់នូវលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នរួចហើយ ក្នុងនោះរួមមាន ១៖ សាធារណរដ្ឋកូរ៉េ, ២៖ សាធារណរដ្ឋសង្គមនិយមវៀតណាម, ៣៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត, ៤៖ រាជាណាចក្រប៊ូតង់ និង៥៖សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា៕