(ភ្នំពេញ)៖ តារាកម្លែងនាយ ពែក មី និងឪពុកជនរងគ្រោះ បានទទូចស្នើសុំទៅកាន់អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ដល់ប្អូនប្រុសរបស់ខ្លួន ដែលត្រូវបានជនបង្កជាអតីតមន្ត្រី នគរបាលខណ្ឌឫស្សីកែវ និងផ្លាស់ចេញទៅជាមន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បើករថយន្ដដេញបុករហូតធ្វើឲ្យភ័យស្លន់ស្លោទៅបុករបងជញ្ជាំង ផ្ទះប្រជាពលរដ្ឋ បណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដឹកបញ្ជូនទៅសង្គ្រោះព្យាលជាបន្ទាន់ភ្លាមៗ នៅឯមន្ទីរពេទ្យប្រទេសវៀតណាម។

ជាមួយគ្នានេះ នាយកំប្លែងដែលកំពុងល្បីល្បាញនៅក្នុងសង្គមខែ្មរម្នាក់នេះ ព្រមទាំងឪពុករបស់ជនរងគ្រោះ បានសម្តែងការអស់សង្ឃឹម ទៅលើអធិការនគរបាលខណ្ឌឫស្សីកែវ ក្រោយពី ហៅទៅសម្របសម្រួល ដោយប្រើពាក្យថា ជាសណ្ដានចិត្តពួកគេសូមជូនថវិកាត្រឹមតែ៤ពាន់ដុល្លារ ក្នុងន័យបញ្ចប់រឿងទៅវិញ ខណៈជនបង្ករត់គេចខ្លួនបាត់រយៈពេល១៧ថ្ងៃហើយ នៅតែចាប់មិនបាន គឺចាប់បានតែរថយន្តនោះ។

ការអស់សង្ឃឹមទៅលើអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងស្នើឲ្យមានកិច្ចអន្តរាគមន៍ ផ្ដល់ភាពយុត្តិធម៌ ពីអគ្គស្នងការដ្ឋាននគរបាលជាតិរបស់តារាកម្លែងនាយ ពែក មី និងឪពុកជនរងគ្រោះ បានធ្វើឡើងតាមរយៈវីដេអូឃ្លីបជាថ្មីម្ដងទៀត នៅតាមបណ្តាញសង្គម Facebook។ នាយ ពែក មី បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ ដែលតែងតែបារម្មណ៍ ពីគ្រួសាររបស់យើងខ្ញុំ ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរ ដែលមានរថយន្ដជនល្មើសដេញបុកប្អូនថ្លៃរបស់ខ្ញុំ បណ្ដាលឲ្យគ្នាភ័យស្លន់ស្លោទៅបុករបងផ្ទះគេ រហូតដល់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ បានកើតហេតុកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មកទល់ពេលនេះ គឺ១៧ថ្ងៃហើយ។ តែជនរងគ្រោះវិញ កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម មានស្ថានភាពជម្ងឺ គឺថានៅធ្ងន់ធ្ងរនៅឡើយ មិនបានធូរស្រាលទេ ដោយសាររបួសបាក់ឆ្អឹងចង្ការកឺម បាក់ខាងក្រោមភ្នែក លើចិញ្ចើម និងត្រូវការសើយស្បែកមុខ ដើម្បីតឆ្អឹងឡើងវិញ ពិតជារន្ធត់ខ្លាំងណាស់។ ទាក់ទងបញ្ហាផ្លូវច្បាប់ ជនល្មើសជនបង្ករនោះ មិនទាន់បានចាប់ខ្លួនទេ ហើយឃាត់បានតែឡានទេ មកទល់ពេលនេះ មានការចរចា ដែលផ្ដួចផ្ដើមឡើងដោយអធិការខណ្ឌឫស្សីកែវ ដែលការចរចានោះ យើងខ្ញុំមិនអាចទទួលយកបានទេ»

ជាមួយគ្នានោះ ឪពុករបស់ជនរងគ្រោះ ក៏បានហួសចិត្ត និងបានទម្លាយសាច់រឿងថា បន្ទាប់ពីអធិការនគរបាលខណ្ឌឫស្សីកែវ ហៅទៅជួបចរចាជាមួយក្រុមគ្រួសារជនបង្កនោះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ គេហៅពួកទៅសម្រួលដោយខាងគេ «អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ» សរសេរដាក់ក្នុងកំណត់ហេតុថា ខាងភាគីរថយន្ដមានសណ្ដានចិត្ត ជួយចេញថ្លៃព្យាបាលជម្ងឺ ទៅខាងភាគីម៉ូតូ ដែលបានជិះទៅបុកជញ្ជាំងខ្លួនឯង ចំនួន៤ពាន់ដុល្លារ និងឲ្យផ្ដិតមេដៃទទួលយកលុយលើកំណត់ហេតុ ក្នុងន័យបញ្ចប់រឿងទៅវិញ។

សម្រាប់តារាកម្លែងនាយ ពែក មី បានបញ្ចេញប្រតិកម្មថា «សូមឲ្យប្រជាពលរដ្ឋជួយស្ដាប់មើលការសរសេរចុះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សរសេរដាក់ថា ភាគីរថយន្ដ នឹងមានសណ្ដានចិត្តជួយចេញថ្លៃព្យាបាល ចំនួន៤ពាន់ដុល្លារ ទៅភាគីជនរងគ្រោះជិះម៉ូតូបុកជញ្ជាំង សូមឲ្យជួយស្ដាប់មើល ទៅជារឿងជនល្មើសមានចិត្តធម៌ ចិត្តបុណ្យជួយគ្រួសារយើងខ្ញុំ ដែលជិះបុកជញ្ជាំងខ្លួនឯងទៅវិញ បើសរសេរបែបនេះ តើឲ្យពួកយើងខ្ញុំយល់ព្រមយ៉ាងមេចកើត។ ព្រោះជាករណីមនុស្សឃាតជិះឡានដេញបុកម៉ូតូ បែរជាមកសរសេរថា ភាគីរថយន្ដ មានសណ្ដានចិត្តជួយទៅវិញ ដោយពួកខ្ញុំមិនអាចទទួលយកការចរចា នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនោះបានទេ។ ព្រោះមើលជម្ងឺអស់ជិត១ម៉ឺនដុល្លារហើយ ទាំងនៅខ្មែរ និងនៅវៀតណាម តើពួកខ្ញុំអាចទទួលយកសេវា៤ដុល្លារ ហើយបែរជាមកសរសេរថា មានសណ្ដានចិត្តជួយ។ បែរជាត្រូវជំពាក់គុណភាគីជនល្មើស៤ពាន់ដុល្លារវិញ។ ឥឡូវនេះ ពួកយើងខ្ញុំអស់សង្ឃឹម និងអធិការខណ្ឌឫស្សីកែវហើយ និងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិរួចហើយ»

តារាកម្លែងនាយ ពែក មី សំណូមពរដល់សមត្ថកិច្ច និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា ថ្នាក់ដឹកនាំដ៍ទៃទៀត សូមមេត្តាជួយក្រុមគ្រួសារយើងខ្ញុំផង ពិសេសប្រជាពលរដ្ឋ មេត្តាជួយតាមដានរឿងនេះផង ខ្លាចក្រែងយូរៗទៅស្រាប់តែស្ងាត់ឈឹង។ ដូច្នេះក្រុមគ្រួសារយើងខ្ញុំមិនអាចនៅស្ងៀម ឫស្ងាត់បានទេ និងមិនអាចយកលុយ៤ពាន់ដុល្លារ មកទិញអាយុជីវិតប្អូនប្រុសរបស់ខ្ញុំបានដែរ។

មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនបង្កបានលេងកីឡាបាល់ទាត់ ជាមួយជនរងគ្រោះជាប្អូនថ្លៃនាយ ពែក មី លុះមកដល់វេលាកើតហេតុ ក៏បានទាស់សម្ដីគ្នាយ៉ាងខ្លាំង ក្នុងពេលកំពុងលេង ខណៈនោះជនបង្កជាមន្ត្រីនគរបាល បានគម្រាមជនរងគ្រោះថា ពេលចេញទៅវិញ «ចេញពីលេងបាល់» អញនឹងយកក្បាលឯង «ក្បាលជនរងគ្រោះ» មកធ្វើកំណល់ឡានរបស់អញ។

មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងទៀតថា ពេលជនរងគ្រោះជាប្អូនថ្លៃ នាយពែក មី ឮយ៉ាងដូច្នេះ ក៏ជិះម៉ូតូចេញពីកន្លែងប្រកួតលេងបាល់ទាត់ រហូតមកដល់ផ្លូវភ្លោះ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ស្រាប់តែជនសង្ស័យបើករថយន្ដ ដេញតាមពីក្រោយបម្រុងបុក ធ្វើឲ្យជនរងគ្រោះភ័យ និងឈប់ម៉ូតូភ្លាមៗ ដើម្បីលត់ជង្គុញលើកម្រាមដៃសំពះសុំទោសទៅជនបង្ក។ តែជនបង្កមិនព្រមទទួលយកនូវការសុំទោសនេះឡើយ ទើបជនរងគ្រោះសម្រេចចិត្តជិះម៉ូតូយ៉ាងលឿនរត់គេច តាមបណ្ដោយផ្លូវជាតិលេខ៥ ពីកើតទៅលិច សំដៅទៅផ្ទះរបស់ខ្លួន រហូតមកដល់កែងផ្លូវបេតុងបត់ឆ្វេងច្រកចូលរោងចក្រទឹកកក ជិតដល់ផ្ទះទៅហើយ ស្រាប់តែរថយន្ដជនល្មើសជាមន្ត្រីនគរបាល បើកដេញតាមពីក្រោយបម្រុងបុកជាលើកទី២ តែជនរងគ្រោះក៏ឈប់ម៉ូតូ លុតជង្គង់សុំទោសម្ដងទៀត នៅតែជនបង្កមិនព្រមទទួលយកបានតាមការស្នើរបស់ជនរងគ្រោះឡើយ។

បន្ទាប់មកជនរងគ្រោះកាន់តែភ័យស្លន់ស្លោរ «ព្រោះជនបង្កមិនអាចលើកលែង និងគម្រាមយកក្បាលរបស់គេ មកធ្វើកំណល់ឡានខ្លួនឲ្យទាល់តែបាន» ទើបជនរងគ្រោះ ឡើងជិះបើកម៉ូតូរត់គេចយ៉ាងលឿនពីជើងទៅត្បូងវិញ សំដៅទៅផ្ទះកាត់មុខរោងចក្រទឹកក លុះមកដល់ផ្លូវបំបែកបត់ឆ្វេង និងបត់ស្ដាំខាងមុខជាផ្លូវទ័ល និងជារបងទ្វារផ្ទះប្រជាពលរដ្ឋ ពិសេសត្រូវរថយន្ដជនបង្កដេញតាមពីក្រោយយ៉ាងលឿនប្រកិតផងនោះ ធ្វើឲ្យជនរងគ្រោះមិនអាចបត់ឆ្វេង ឫបត់ស្ដាំបាន ក៏ជ្រុលចង្កូតទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ហើយជនសង្ស័យក៏បើករថយន្ដបត់ស្ដាំរត់គេចខ្លួន ដោយសុវត្ថិភាពតែម្តង។

សូមបញ្ជាក់ថា ជនបង្កមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ​ បើករថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ។

លោកអនុសេនីយឯក ហាក់ ប៊ុនថន ​នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានប្រាប់ភ្នាក់ងារ Fresh News ថា រថយន្ដ​ដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋ ​រងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវកម្លាំងនគរបាលឃាត់បាន​ហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា​ នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ៕