(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានប្រកាសថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាការរារាំងដល់ដំណើរការបោះឆ្នោត។

បើតាមសម្ដេចក្រឡាហោម ​ស ខេង អ្នកដែលរារាំងដល់ដំណើរការបោះឆ្នោត គឺមានកំហុស​ដែលច្បាប់បានកំណត់យ៉ាងច្បាស់ ដែលអាចនឹងប្រឈមមុខជាមួយទោសទណ្ឌផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់កិច្ចប្រជុំ​ស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «​អ្នកដែលរារាំង គឺមានកំហុសដែលច្បាប់បានចែងច្បាស់ ដូច្នេះបើយើងឃើញការរារាំង ហើយមានភ័ស្ដុតាងជាក់ស្ដែង គឺមានទោសហើយ [...] ដូច្នេះខ្ញុំយល់ថា សម្ដីណុងហើយដែលជាការរារាំង»

ប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត សម្ដេច​ ស ខេង ក៏បានគូសបញ្ជាក់ថា មិនថាបុគ្គល ឬក្រុមណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ តែអ្វីដែលចាំបាច់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបានពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់អំពីសិទ្ធិ ដែលត្រូវទៅចូលរួមបោះឆ្នោត។

ក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំង និងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្ដេច ស ខេង ​បានសង្កត់ធ្ងន់ថា​ គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសមភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវាសន្ដិសុខជូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និងបេក្ខជនគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ។

សូមរំលឹកថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ៕​