(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ត្រូវបានផ្តល់សិទ្ធិដោយក្រុមហ៊ុន PixLed (ខេមបូឌា) ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយប្រព័ន្ធ IBS ក្នុងអគារ «The Bridge» ទាំងមូល ដែលបច្ចុប្បន្ន ត្រូវបានចាត់ទុក ជាអគារស្នាក់នៅ ដែលខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

តាមរយៈបច្ចេកវិទ្យាដ៏ទំនើប ប្រកបដោយគុណភាព និងដំណោះស្រាយកម្រិតខ្ពស់ អ៊ីដតខូ បានបំពាក់បណ្តាញអង់តែន ដើម្បីពង្រីកវិសាលភាព បណ្តាញទូរស័ព្ទ និងអ៊ីនធឺណិត ឥតខ្សែ (Wireless) នៅក្នុងអគារទាំងមូល ឲ្យកាន់តែប្រសើរឡើង ដែលអនុញ្ញាតឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ អាចផ្តល់ សេវា 2G, 3G, 4G និង 4.5G មានល្បឿនលឿន ស្ថិរភាព និងប្រកបដោយទំនុកចិត្ត។

លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានថ្លែងថា «កម្ពុជា ជាទីផ្សារមួយដែលមានសក្តានុពល និងមានការរីកចម្រើនយ៉ាងខ្លាំង ពីមួយថ្ងៃ ទៅមួយថ្ងៃ។ យើងនៅតែបន្តរិះរក គ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបណ្តាញគ្របដណ្តប់ តាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្នដែលមាន រូបរាងពិសេស និងល្អឥតខ្ចោះ ដែលនឹងបំពេញបាននូវតម្រូវការ នៃការតភ្ជាប់បណ្តាញមួយដ៏ជាក់លាក់»

នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប រូបនេះ បានបញ្ជាក់ថា «ការអភិវឌ្ឍថ្មីនេះ គឺជាសញ្ញាដ៏សំខាន់មួយសម្រាប់ទីផ្សារ IBS ក្នុងប្រទេស ហើយយើងមានមោទន ភាពជាខ្លាំង ក្នុងការចាប់ផ្តើមគម្រោង IBS ដំបូងរបស់យើង នៅក្នុងប្រទេសកម្ពុជា។ យើងមានប្រតិបត្តិករ ដែលមានបំណងប្រើនូវដំណោះស្រាយថ្មី នេះរួចហើយ ដែលរំពឹងថា នឹងដំណើរការចាប់ពីខែមិថុនា តទៅ»

លោកបានបន្ថែមទៀតថា «កម្ពុជាគឺជាប្រទេសទីបី ដែលបានពង្រីកបណ្តាញដំណោះស្រាយ ក្នុងអាគារ (IBS) ប្រើប្រាស់នៅក្នុងចំណោមប្រទេសផ្សេងៗទៀត ដែល ក្រុមហ៊ុន edotco Group មានវត្តមាន។ យើងកំពុងដើរតាមប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយ ជឿជាក់ថា ដំណោះស្រាយ IBS ដ៏ទំនើបរបស់យើង នឹងអាចបំពេញបានតាមតម្រូវការ ដែលកំពុងកើន ឡើងនេះ»

ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពល The Bridge គឺជាគម្រោងថ្មីមួយ ដែលនៅជិតចំណុចប្រសព្វរវាង ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ គ្របដណ្តប់នៅលើផ្ទៃដី ដែលមានអគារកម្ពស់ជាង៤៥ជាន់ ការដំឡើងប្រព័ន្ធ IBS ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ និងកាន់តែប្រសើរ សម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទទាំងអស់ នៅក្នុង អគារ The Bridge។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ នៅខែឧសភា ឆ្នាំ២០១២មក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បាននឹងកំពុងផ្តល់ជូនសេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាច្រើន នៅក្នុងប្រទេស កម្ពុជា។ ការផ្តល់ជូនទាំងនោះ រួមមាន៖ ការសាងសង់បង្គោលអង់តែលើដី ការសាងសង់បង្គោលអង់តែន លើដំបូលអគារ ការសាង់សង់បង្គោលអង់តែន តាមការចង់បានរបស់អតិថិជន និងមានស្ថានីយចល័ត (COW)៕