(កោះកុង)៖ សមិទ្ធផលជាច្រើន ដែលបានចំណាយថវិកា សាងសង់អស់ទឹកប្រាក់ចំនួន២២,២២៥.០១ដុល្លារអាមេរិក សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ស្ថិតនៅក្នុង​វត្តរុក្ខសិលារាម (ហៅវត្តតាកាត) ស្ថិតនៅ​ភូមិ​តាកាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ ជាមេប​ញ្ជាការកងទ័ពជើងទឹក ​និងអគ្គលេខា​ធិការនៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ និង​ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមណ្ឌលសី​មា ខេត្តកោះកុង។

ក្នុងពិធីនេះដែរក៏មានការ ចូលរួមពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងព្រះសង្ឃ​និមន្តចូលរួម២១វត្ត​ មាន​៤១១អង្គ​ និងប្រជាពលរដ្ឋចំនួន​៥៥​០០នាក់ផងដែរ។

លោកស្រី មិថុនា ភូថង បានថ្លែងថា នេះជាសក្ខីភាពមួយ ដែលលោកស្រីមន្រ្តីរាជការប្រជាពលរដ្ឋបាន ​មកចូលរួមក្នុងការសម្ភោធ​សមិទ្ធផលនានាក្នុងវត្តរុក្ខសិលារាម ដែលត្រូវបានកសាងឡើង ក្នុងរយៈពេលជាច្រើន​ឆ្នាំ មានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់។ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់រួចមក ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ ហើយវិស័យពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ ការដឹកនាំ ការអប់រំ និងការរស់នៅផ្អែកទៅលើសាសនា ព្រោះការរស់នៅមាន ការអប់រំប្រៀនប្រដៅកូន​ចៅ ការធ្វើអំពើល្អ សីលធម៌ គុណធម៌ ការមិនចងពារ ការរំងាប់ពារ ដោយការមិនចងពានេះហើយ ផ្អែកលើការប្រៀនប្រដៅរបស់សាសនា។

លោកស្រីបានបន្តថា ប្រទេសជាតិយើងបច្ចុប្បន្នមិនដូច ពីមុនទេយើងត្រូវការអភិវឌ្ឍប្រទេស ដូច្នេះយើងត្រូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ មិនដូចកាលពីសម័យ ប៉ុល ពតទេ ត្រូវបានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់ស​ម្លាប់គ្នា ការមើលងាយ និងការមិនគោរពគ្នា តែក្រោមកា​រដឹកនាំដ៍ឈ្លា​សវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមាន​ភាពរីកចំរើនលើគ្រប់វិស័យ និងមានការរីកលូតលាស់​ផ្នែកធនធានមនុស្សខ្ពស់ផងដែរ។

លោកនាយឧត្តមនាវី ទៀ វិញ ក៏បានថ្លែង​ដែរថា លោកនឹងក្រុមការងារថ្ងៃនេះ មានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានឃើញ សម្ធិផលនា​នាវត្តរុក្ខសិលារាម មានភាពរីកចំរើន ផ្នែកវិស័យសាសនា ហើយបានដាក់សម្ភោធឲ្យបានប្រើប្រាស់ជាផ្លូវការ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមតម្រូវការរបស់បងប្អូន។ ទន្ទឹមនឹងនេះដែរសូមស្នើឲ្យបងប្អូនប្រជាពលរដ្ឋមើលឲ្យឃើញ​នៅ​ភាពជាក់ស្តែង ដែលការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បាន​យកចិ​ត្តទុកដាក់ ដើម្បីអភិវឌ្ឍប្រទេសឲ្យមានភាពរីកចំរើនលើគ្រប់វិស័យ រួមទាំងវិស័យ​ព្រះពុទ្ធសាសនាផងដែរ ហេតុដូច្នេះបងប្អូនត្រូវតែជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ហើយសូមបោះទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិមានភាពរីកចំរើន សុខសន្តិភាព សេរីភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកុំជឿលើការញុះញ៉ុងរបស់ទណ្ឌិត សម រង្សី ជាជនក្បត់ជាតិ ដែលមិនមកជួយដោះទុក្ខបងប្អូននោះទេ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាមួយបងប្អូនទាំងយប់ ទាំងថ្ងៃមិនថាជិតឬឆ្ងាយនោះទេ មិនប្រកាន់ពូជសាសន៍ ឲ្យតែប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើងគណបក្សប្រជាជនកម្ពុជា តែងតែចុះដល់ទីតាំងភ្លាមដោយមិនគិតពីភាពលំបាកអ្វីឡើយ។

លោកបានថ្លែងបញ្ជាក់ទៀតថា ប្រទេសជាតិបានជួបប្រទះសង្គ្រាម និងតំណាក់កាលលំបាកជាច្រើន ហើយអ្វីដែលនៅសេសសល់ និងដែលយើងមានជីវិត រស់នៅមកដល់សព្វថ្ងៃនេះ គឺជាសំណាងហើយ។​ ការរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃ៧ មករា ហើយចាប់ផ្តើមពីពេលនោះ មកគឺរដ្ឋាភិបាល​ បានខិតខំតស៊ូ ដឹកនាំកសាងប្រទេសឡើងវិញ។

លោកក៏បានថ្លែងអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលបម្រើ ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ​ហើយលោកក៏បានពាំនាំនូវអំណោយរបស់​សម្តេចតេជោ​ មានដូចជា អង្ករ សារ៉ុង សម្លៀកបំពាក់តាជីយាយជី សម្ភារៈសិក្សាមួយចំនួន ជូនដល់ប្រជាពលរដ្ឋនឹងសិស្សានុសិស្សផងដែរ៕