(កណ្តាល)៖ នៅថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ​២០១៨​ លោក​ ណុប​ រ័ត្ននិមល​ តំណាងនាយឧត្តមសេនីយ៍កត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈអចិន្ត្រៃយ៍​ ​គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង​ បានអញ្ជើញបើកការដ្ឋានសា្ថបនាផ្លូវបេតុង​០១ខ្សែ​ ដែលមានទទឹង០៥ម៉ែត្រ​ និងបណ្តោយប្រវែង១៦០ម៉ែត្រ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរ និងដឹកកសិផលយកទៅលក់ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់កាន់តែខ្លាំងឡើង។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក​ ណុប​ រតនៈ​ ប្រធានគណៈអចិន្ត្រៃយ៍​ គណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែង​, លោក​ អ៊ិត​ ឋានរ័ត្ន​ អនុប្រធានទី១​, លោក​ ឆែម​ រតនៈវិសាល​ អនុប្រធានទី២​ គណៈពង្រឹងឃុំព្រែកស្លែង​ និងមានការចូលរួមពីសំណាក់លោក​ អ៊ួច​ សៅវឿន​ អភិបាលរងស្រុកកណ្តាលស្ទឹង ​ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ​២២៣នាក់​ ស្ថិតនៅក្នុងភូមិប្រាសាទ​ ឃុំព្រែកស្លែង​ ស្រុកកណ្តាលស្ទឹង​។

​សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ក្រុមការងារកំពុងស្ថាបនា និងជួសជុលផ្លូវដែលខូចខាត ដែលមានសភាពខូចខាតទូទាំង៤ភូមិ ក្នុងឃុំព្រែកស្លែងតែម្តង ដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង រួចមក លោកបានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជន ដឹកនាំប្រទេសជាតិកាន់តែសន្តិភាព និងរីកចំរើនខ្លាំងឡើង៕