(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានផ្ញើសេចក្តីនឹករលឹក ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និងបានរំលឹកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកាន់តែខិតជិតដល់មកហើយនោះ ពោលគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងថា ប្រជាជនកម្ពុជាសប្បាយរីករាយ ចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះពួកគាត់មានឱកាសប្រើប្រាស់នូវសិទ្ធិសេរីភាព ក្នុងការបោះឆ្នោតជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាតិជាច្រើន ដើម្បីបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺនឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមផ្ញើសេចក្តីនឹករលឹក ដល់បងប្អូនជនរួមជាតិ និងកូនក្មួយៗយុវជនទាំងអស់។

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺកាន់តែជិតមកដល់ហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ កម្ពុជាទូទាំងប្រទេសសប្បាយរីករាយ ចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះយើងមានឱកាសបានប្រើប្រាស់ នូវសិទ្ធិសេរីភាព ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលយើងម្នាក់ៗពេញចិត្ត។

មកទល់ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺបានកសាងសមិទ្ធផលជាតិជាច្រើន ដើម្បីបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍរបស់យើង គឺនឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះដែរ គឺគណបក្សប្រជាជនគាំទ្រនិងលើកទឹកចិត្តឲ្យកូនក្មួយយុវជន មានឱកាសបានចូលរួមកាន់តែច្រើនឡើងៗ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

អរគុណខ្លាំងណាស់ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងកូនក្មួយយុវជន ព្រមទាំងបងប្អូនកូនក្មួយកម្មករកម្មការនី ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ នៅក្នុងប្រទេសជាតិយើង។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាពជានិច្ច។

ជូនពរបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ»៕