(កំពង់ស្ពឺ)៖ មេសហជីពដ៏ធំមួយនៅកម្ពុជា លោក សោម អូន ក្នុងនាមសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារឃុំសំបូរ ស្រុកសំរោងទង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន៥ភូមិ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការចុះជួបសំណេះសំណាលនេះ ចែកជា២វគ្គ គឺវគ្គទី១ជួបនៅពេលព្រឹកចំនួន៣ភូមិ និងវគ្គទី២ជួបនៅពេលរសៀលចំនួន២ភូមិ ដែលមានកម្មករចូលរួមចំនួនជិត៧០០នាក់។

តាមរយៈសំនួរជាច្រើន ដែលក្រុមការងារបានបង្កើតឡើងដើម្បីធ្វើតេស្តទៅលើចំណេះដឹងរបស់បងប្អូនកម្មករ បានបង្ហាញឲ្យឃើញពីវឌ្ឍនភាព នៃចំណេះដឹងរបស់កម្មករនិយោជិត អំពីបញ្ហាពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាព អត្ថប្រយោជន៍ផ្សេងៗ និងអ្វីៗដែលពួកគាត់ទទួលបាននៅពេលនេះ គឺដោយសារអ្នកណា។

ជាមួយនេះដែរ លោក សោម អូន ក៏បានចែករំលែកនូវចំណេះដឹង ក៏ដូចជាព័ត៌មាននានាពាក់ព័ន្ធការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលតែងតែចរចា ឬតម្លើងទៅតាមកាលវិភាគជារៀងរាល់ឆ្នាំ ដែលក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលបានកំណត់ពេល៤ខែ សម្រាប់គូរភាគីចរចា គឺភាគីសហជីពកម្មករ ភាគីថៅកែរោងចក្រ និងមានការសម្របសម្រួលពីក្រសួងការងារ និងមានការចូលរួមពីអន្តរក្រសួងរបស់រាជរដ្ឋាភិបាល។ ដូចនេះបើយោងតាមកាលវិភាគសម្រាប់ការតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ នឹងចាប់ផ្តើមពិភាក្សាចាប់ពីខែ កក្កដា ដល់ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ។

លោក សោម អូន បានបញ្ជាក់ថា បងប្អូនកម្មករនិយោជិតប្តេជ្ញា នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីថែរក្សាស្ថេរភាពការងារ និងដំណើរការប្រតីនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសាររបស់ពួកគាត់៕