(ភ្នំពេញ)៖ កម្ពុជា! ជាផែនដីអង្គរដ៏ស្រស់បវរនៃយើង។ សព្វថ្ងៃយើងឃើញថា បុព្វបុរសខ្មែរបានកសាងប្រាសាទមានចំនួនរាប់ពាន់នៅពាសពេញផ្ទៃប្រទេសប្រកបដោយក្បូរ ក្បាច់រចនាយ៉ាងល្អវិចិត្រ។ ក្នុងនោះប្រាសាទអង្គរវត្ដនៅតាមជញ្ជំាងមានចម្លាក់ក្បាច់រចនាបង្ហាញពីទេវផ្សេងៗ ពិសេស ទេពអប្សរ ឬអប្សរា ដែលកើតពីរការកូរសមុទ្រទឹកដោះ មានចំនួនរាប់ពាន់ក្នុងសភាពប្លែកៗគ្នាយ៉ាងរស់រវើកបំផុត។ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍នោះ ក្នុងពេលថ្មីៗនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមប្រព័ន្ធព័ត៌មានផ្សេងៗ មានការជជែកគ្នាយ៉ាងផុលផុសថាអប្សរាមានភេទ«ប្រុស»។ តើអប្សរាមានភេទប្រុសឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីអប្សរាខ្មែរហៅថា «អប្សរ» ដូចយើងឃើញនៅតាមចម្លាក់សសរ ឬជញ្ជំាងប្រាសាទនានា ពិសេសនៅអង្គរវត្ដមានចំនួនប្រមាណ១៧៩៦នោះ គឺពុំមានអប្សរាភេទ «ប្រុស» នោះទេ។ ពីព្រោះយើងត្រូវដឹងថា អំពីអប្សរាគឺមានចែងក្នុងគម្ពីរព្រហ្មញ្ញសាសនា មានឈ្មោះថាសនាតនធម្ម (Sanatana Dharma) គឺជា «ស្រីសួគ៌ ឬស្រីសួគ៌របំា» មួយក្រុមមានសម្រស់ស្អាតផុសពីការកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹត «របំាទឹកអម្រឹត»
ដោយស្ថិតក្នុងន័យនេះ ចំពោះអប្សរាបង្ហាញពីរាងស្ដើងល្វត់ល្វន់ ចង្កេះរៀវ ត្រគៀកធំ ក្នុងកាយវិការខុសៗគ្នា គឺជាការទាក់ទាញដើម្បីរារំាងពួកអសុរៈកុំឲ្យដណ្ដើមទឹកអម្រឹតបាន ។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះអំពីតួនាទីអប្សរានេះ គឺប្រែប្រួលទៅតាមកាលៈទេសៈឈរលើបរិបទខុសៗគ្នា។ ដោយហេតុថាមុខងារអប្សរា គឺជាស្រីសួគ៌របំា មានសម្រស់លើសគេ និងជាអ្នកមានថាមពលអធិធម្មជាតិ ដែលទទួលព្រះរាជបញ្ជាពីព្រះឥន្រ្ទដើម្បីឲ្យទៅរំខានដល់ការសមាធិ ឬកំចាត់ពួកអសុរៈក្នុងបំណងរក្សា ពិភពទំាងបីឲ្យមានលំនឹង។

ដោយឈរលើប្រព័ន្ធជំនឿនេះហើយ ចំពោះការដែលបុព្វបុរសខ្មែរ បានឆ្លាក់អប្សរានៅតាមជញ្ជំាងប្រាសាទដូចយើងសព្វថ្ងៃនេះ គឺក្នុងទស្សនៈបណ្ដាញឧបទ្រពចង្រៃ ឬពួកអសុរៈ ឲ្យចាកចេញឆ្ងាយ ឬឲ្យអន្ដរាយពីប្រាសាទដែលជាទីលំនៅឋានរបស់ព្រះឥន្រ្ទ និងអទិទេពនេះឯង។ ដោយក្នុងនោះ ចំពោះអប្សរាមានពីរទម្រង់គឺទីមួយ៖ឈរ និងទីពីរ៖ រំា ដែលសុទ្ធតែទេវអប្សរាភេទស្រី គឺពុំមានទេវអប្សរាភេទប្រុសនោះទេ។

ក្នុងករណីនេះបានសេចក្ដីថាប្រសិនជាអប្សរា មានទេវភេទប្រុសដូចជាការអះអាងអ្នកខ្លះមែននោះ គឺរបំាជូនពរ ឬរបំាព្រះរាជទ្រព្យ គឺប្រុសក៏អាចរំាជូនពរបានដូចគ្នាផងដែរ។ តែក្នុងករណីនេះប្រាកដណាស់គឺពុំអាចទេ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូច្នេះបើនិយាយពីការស្រាវជ្រាវដើម្បីរាវរករបបគំហើញថ្មីៗរបស់បញ្ញវន្ដសង្គមជាតិយើងក្នុងសម័យទំនើបនេះគឺជាការប្រពៃណាស់ ប៉ុន្ដែក៏ត្រូវឈរលើទ្រឹស្ដីវិទ្យាសាស្រ្ដឲ្យបានច្បាស់លាស់បំផុតផងដែរ។ ផ្ទុយទៅវិញ បើយើងគ្រាន់តែឈរលើទស្សនស្រមើស្រមៃ ឬពុំមានមូលដ្ឋានរឹងមំាទេនោះ គឺវានឹងធ្វើឲ្យបាត់បង់នូវតម្លៃខ្លួនយើងទៅវិញទេ៕