(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងថា សាលា គឺជាថ្នាលបណ្តុះបណ្តាលចំណេះដឹង តែបើគ្មានសុខសន្តិភាពទេនោះ កុលបុត្រ កុលធីតាខ្មែរក៏មិនមានឱកាសសិក្សារៀនសូត្រនោះដែរ។

លោកអភិបាលខេត្តលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សារស្មីសាមគ្គី ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្នុងស្រុកបរសេដ្ឋ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យសិក្សាធិការផងដែរ។ លោកអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នសាលារៀនបានកើតមានកាន់តែកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីជួយឲ្យកូនចៅប្រជាពលរដ្ឋទទួលបានការសិក្សាគ្រប់ៗគ្នា។​

លោកអភិបាលខេត្តបន្ថែមថា ការសិក្សាបណ្តុះបណ្តាលធនធានមនុស្សគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមវិស័យអាទិភាពសំខាន់ៗទាំង៤។ លោកថា ស្រុកមានសុខសន្តិភាពកូនចៅប្រជាពលរដ្ឋមានឱកាសពេញលេញសម្រាប់ការសិក្សារៀនសូត្រ តែពេលប្រទេសមានភ្លើងសង្គ្រាមវិញកុំថាឡើយការកសាងសាលា សូម្បីតែការរៀនសូត្រក៏គ្មានឱកាសដែរ។

សូមជម្រាបថា អគារនេះត្រូវបានកសាងដោយចំណាយថវិកាចំនួន ៥២,៣០៤ដុល្លារអាមេរិច ហើយចំពោះថវិកាចូលរួមកសាងបានមកពី ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ប្រជាពុទ្ធិបរិស័ទ្ធ ចំនួន០៣ឃុំ ចូលរួមថវិកា ៣០,២០៤ដុល្លារអាមេរិក ក្រុមហ៊ុនស៊ីរ៉ិ ខូអិលធីឌីកម្ពុជា ១២,០០០ដុល្លារអាមេរិក និងក្រុមហ៊ុនណាហ្គាវើល ១០,១០០ដុល្លារអាមេរិក៕