(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានដាស់តឿនក្រើនរំឭក និងសំណូមពរដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ឲ្យចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកជួបសំណេះសំណាលជាមួយសាខាបក្សភូមិ និងក្រុមបក្សឃុំទ្រៀល ស្រុកបារាយណ៍ប្រមាណ ៥០០នាក់ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

បន្ទាប់ពីសំណេះសំណាលជាមួយប្រធានក្រុមបក្ស ប្រធានសាខាបក្ស អំពីបច្ចុប្បន្នភាពសមាជិកបក្សរបស់ខ្លួនរួចមក លោក ថោង ខុន បានបន្តពន្យល់ពីសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា និងពិភពលោក។

លោកក៏បានបកស្រាយពីការឃោសនាញុះញង់ឲ្យមានការយល់ខុស មកលើគណបក្សប្រជាជនកម្ពុជា និងបានណែនាំដល់មេក្រុមបក្សទាំងអស់ជួយពន្យល់បន្តដល់គ្រួសារបក្ស សមាជិកបក្ស និងប្រជាពលរដ្ឋឲ្យយល់ច្បាស់អំពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដើម្បីបន្សាបការញុះញង់របស់ក្រុមប្រឆាំង ដែលកំពុងបំពុលសង្គមកម្ពុជាឲ្យមានការយល់ច្រឡំលើរាជរដ្ឋាភិបាល។

លោកបានជំរុញឲ្យសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ ត្រូវជំរុញចលនាប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ត្រូវត្រៀមមធ្យោបាយសម្រួលដល់ការធ្វើដំណើររបស់សមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋដែលទៅបោះឆ្នោត ពិសេសត្រូវធានាថា «សមាជិកបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក»

លោកបានបន្តណែនាំឲ្យសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ ត្រូវខិតខំបំពេញការងារនានាដែលគណបក្សប្រជាជនកម្ពុជាប្រគល់ជូន និងត្រូវឱបក្រសោបកៀរគរសមាជិកបក្សបន្ថែម ដើម្បីនាំជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំពុងខិតជិតក្នុងពេលដ៏ខ្លីខាងមុខ។

ប្រធានក្រុមការងារដ៏សកម្មភាពរូបនេះ ក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាឲ្យបន្តរីកចម្រើនទៅមុខទៀត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕