(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ២៥ឆ្នាំហើយដែលប្រជាពលរដ្ឋបានយល់ច្បាស់ពីប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា។

ការលើកឡើងរបស់ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់ មកពីភូមិទាំង ១០៨ ក្នុងឃុំទាំង៩ នាឱកាសពិធីបុណ្យឡើងអ្នកតាមេ.ស ដែលជាបុណ្យប្រពៃណីស្រុកភូមិតាំងពីយូរលង់ណាស់មកហើយ។

លោក ព្រុំ សុខា បានលើកឡើងយ៉ាងដូច្នេះថា « ប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករនៅឆ្នាំ១៩៩៣ ព្រោះចង់ឲ្យកម្ពុជាមានសន្តិភាព និងមានការបង្រួបបង្រួមជាតិ។ ២៥ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋនឹងនៅតែបន្ត ទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ព្រោះដើម្បីការពារសន្តិភាពដែលបានមកដោយកម្រដើម្បីបន្តរក្សាស្ថិរភាពឲ្យបានរឹងមាំ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចិរភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា »

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ ក៏បានថ្លែងការលើកសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលខិតខំបន្តរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ល្អប្រសើររបស់ដូនតា ដែលជាការសបញ្ចាក់នូវការចងចាំ និងការដឹងគុណជានិច្ចចំពោះគុណូបការៈប្រកបដោយវីរភាព របស់បុព្វបុរសជំនាន់មុន ក៏ដូចជាវីរភាព និងពលីកម្មដ៏អង់អាចក្លាហានមិនអាចកាត់ថ្លៃបានរបស់ឥស្សរជន និងវីរជនជំនាន់បច្ចុប្បន្ន ដែលបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៏ ហើយបានដឹកនាំតស៊ូបញ្ចប់សង្រ្គាមរាំរ៉ៃនាំមកនូវសន្តិភាព ស្ថិរភាពពិតប្រាកដ ដែលជាបុព្វបទចំបងនាំឲ្យសង្គមជាតិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់រហូតមកដល់បច្ចុប្បន្ន។

លោកប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងស្រុក ដែលធ្លាប់គាំទ្រដោយឥតងាករេនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងកសាងមាតុភូមិ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីអាក់ខាន ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ និងអនាគតរុងរឿងរបស់ប្រទេសជាតិ របស់មនុស្សជំនាន់នេះ និងជំនាន់ក្រោយបន្តទៅទៀត៕