(ទីក្រុងអានសាន-សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត និងប្រតិភូអមដំណើរបានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំសមាគម សហគមន៍ និងមជ្ឈមណ្ឌលគាំពារពលករបរទេសចំនួនប្រមាណ ៦០នាក់ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីសំណូមពរ តម្រូវការ ស្ថានភាពរស់នៅ និងការថែរក្សាអត្តសញ្ញាណជាតិរបស់បងប្អូនយើងនៅសាធារណរដ្ឋកូរ៉េ។

បច្ចុប្បន្នមានសមាគម សហគមន៍ខ្មែរ និងមជ្ឈមណ្ឌលគាំពារពលករចំនួន ៤៩ ដែលកំពុងសហការជាមួយស្ថានឯកអគ្គរាជទូត និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាក្នុងការផ្តល់ការគាំទ្រ និងសេវានានាដល់សហគមន៍ខ្មែរ។ តាមរយៈការជួបសំណេះសំណាលផ្ទាល់បែបនេះនាពេលកន្លងមក លោក ហ៊ុន ម៉ាណែត បានសម្របសម្រួលឲ្យបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េសុំលិខិតថ្កោលទោស ស្នើសុំធ្វើលើលិខិតឆ្លងដែនដែលបាត់ឬខូច ដោយមិនចាំបាច់វិលត្រឡប់មកស្រុកកំណើត ការពន្យារសុពលភាពលិខិតឆ្លងដែន និងបញ្ជាក់បណ្ណបើកបរតាមប្រៃសណីយ៍ និងដាក់ឲ្យដំណើរការផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់បងប្អូនពលករបានចំនួន ៦កន្លែង។

ក្នុងជំនួបលើកនេះ លោក ហ៊ុន ម៉ាណែត (១) បានឯកភាពបើកថ្នាក់ភាសារខ្មែរសម្រាប់បង្រៀនដល់កូនៗរបស់បងប្អូននារីខ្មែរដែលបានរៀបការជាមួយស្វាមីកូរ៉េ, (២) បានផ្តល់សម្លៀកបំពាក់របាំប្រពៃណីដល់សមាគមដែលទើបបង្កើតថ្មីចំនួន ៣សមាគម និង (៣) បានស្នើសុំទៅក្រសួងការងារកូរ៉េ និងភាគីពាក់ព័ន្ធកម្ពុជាសម្របសម្រួលឲ្យមានសិក្ខាសាលាពន្យល់ ផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ ជនបង្គោលរបស់មជ្ឈមណ្ឌលគាំពារពលករនៅកូរ៉េ។

នាឱកាសនោះលោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកសហគមន៍នីមួយៗ ដែលបានខិតខំនិងចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តដឹកនាំ និងធ្វើការជួយដល់បងប្អូនខ្មែរយើងនៅសាធារណរដ្ឋកូរ៉េ។ លោក ហ៊ុន ម៉ាណែត បានសំណូមពរឲ្យបងប្អូនបន្តថែរក្សាសមាគម និងសហគមន៍ ដែលបងប្អូនយើងបានខិតខំចងក្រងកន្លងមកនេះដើម្បីបន្តសាមគ្គីភាពខ្មែរ ពិសេសរួបរួមគ្នាកសាងមោទនភាពជាតិខ្មែរតែមួយ។