(ភ្នំពេញ)៖ កាលពីថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ គណៈកម្មាធិការគណបក្សប្រជាជនប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបាឋកថាមួយស្តីពីសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជន (CPP) និងនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងសេដ្ឋកិច្ច។

បាឋកថានេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រចាំក្រសួងសេដ្ឋកិច្ច។

កម្មវិធីនេះ ក៏មានការចូលរួមពីលោក ម៉ម សារិន ប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង លោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងលោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច។ ជាពិសេសវត្តមានរបស់យុវជនជាសមាជិកសាខាបក្ស នៃអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទគណៈកម្មាធិការគណបក្សក្រសួងប្រមាណ ១០០០នាក់។

កម្មវិធីបទបាឋកថា គឺជាកម្មវិធីលើកទី៣ នៃយុទ្ធនាការឃោសនាផ្សព្វផ្សាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលសម្របសម្រួលរៀបចំដោយក្រុមការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងស្មារតី សមត្ថភាព សាម គ្គីភាព និងការជឿជាក់របស់យុវជនលើគណបក្ស តាមរយៈការបញ្រ្ជាបការយល់ដឹងអំពីមហាពលីកម្ម បុព្វហេតុ និងសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់មុន ព្រមទាំងមាគ៌ានយោបាយ ទស្សនវិស័យដឹកនាំ កម្មវិធីនយោបាយ ការងារកែទម្រង់នានារបស់គណបក្ស នាពេលបច្ចុប្បន្ន និងសម្រាប់តទៅអនាគត។ វាគ្មិនកិត្តិយសនៅក្នុងបាឋកថា មានពីររូប ដែលជាឥស្សរជននយោបាយជាន់ខ្ពស់ របស់គណបក្ស រួមមាន លោក ម៉ម សារិន និងលោក វង្សី វិស្សុត។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ហ៊ែល ចំរើន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច (ក.យ.ក.) បានរាយការណ៍អំពីវឌ្ឍនភាពសង្ខេប នៃការអនុវត្តផែនការសកម្មភាពរបស់ ក.យ.ក. នៅឆ្នាំ២០១៧ រួមមាន៖ បានកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន និងយន្តការការងារយុវជនប្រចាំក្រសួង និងនៅតាមអង្គភាពនីមួយៗ ក្រោមឱវាទក្រសួង ជាមួយនឹងការធ្វើបច្ចុប្បន្នភាព និងបញ្ចូលយុវជន ទៅក្នុងសមាជិកគណៈកម្មាធិការគណបក្ស សរុបប្រមាណ ២០០០រូប នៅថ្នាក់កណ្ដាល និងបានឈានទៅរៀបចំផែនការប្រតិបត្តិ ដែលកំណត់ជាក់លាក់នូវនូវចក្ខុវិស័យវែងឆ្ងាយ គឺ «យុវជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងស្មោះស័្មគ្រភក្ដីចំពោះគណបក្ស ដើម្បីរួមចំណែកថែរក្សានិងលើកតម្កើងឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»

ចក្ខុវិស័យនេះ គាំទ្រដោយបេសកកម្មមួយគឺ «ពង្រឹង និងពង្រីកស្មារតីសាមគ្គី និងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស និងចូលរួមបោះឆ្នោតជូនគណបក្ស ប្រកបដោយជោគជ័យនិងចីរភាព» និងគោលបំណងចំនួន៣ របស់ក្រុមការងារយុវជនគឺ៖

*ទីមួយ៖ បណ្ដុះបណ្ដាលស្មារតីសាមគ្គីភាពនិងកម្លាំងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស
*ទីពីរ៖ ផ្សព្វផ្សាយនិងអប់រំកម្មវិធីនយោបាយ កម្មវិធីកែទម្រង់ និងសមិទ្ធផលរបស់គណបក្ស ទាំងកម្រិតគោលនយោបាយជាតិ ទាំងកម្រិតវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

*ទីបី៖ គាំទ្រ និងសម្របសម្រួល កិច្ចដំណើរការរបស់ ក.យ.ក. នៅក្នុងទំនាក់ទំនងផ្ទៃក្នុងក្រសួង ព្រមទាំងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត ប្រកបដោយប្រសិទ្ធភាព។

ក្រោយពីបានស្ដាប់របាយការណ៍សង្ខេបរបស់ ប្រធាន ក.យ.ក. រួចមក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានថ្លែងអំណរគុណ ដល់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល និងខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល ដែលបានផ្ដល់កិច្ចសហការគាំទ្រជាប្រចាំដល់ដំណើរការការងាររបស់ ក.យ.ក. រហូតមក និងបន្តផ្ដល់ការគាំទ្រសម្រាប់កម្មវិធីនាថ្ងៃនេះ។

លោកបានថ្លែងជូនអង្គពិធីនូវទស្សនៈសំខាន់ៗ ដែលជាមូលដ្ឋាននៃមនោគមវិជ្ជានយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺលទ្ធិប្រជាធិបតេយ្យប្រជាជន និងសេដ្ឋកិច្ចទីផ្សារប្រជាជន ដែលកើតចេញពីឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជន, ដោយសារប្រជាជន និងដំណើរការដើម្បីប្រយោជន៍ប្រជាជន។

ទន្ទឹមនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនយុវជនថា លទ្ធិប្រជាធិបតេយ្យមិនមែនជាបុគ្គល ឬជាក្រុមបុគ្គលណាមួយនោះទេ ប៉ុន្តែគឺជាប្រព័ន្ធ ជាគោលការណ៍ ដែលផ្ដល់សិទ្ធិសម្រេចដល់ប្រជាពលរដ្ឋទូទៅ និងដែលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនាំមុខ និងជាគណបក្សដែលកំពុងដឹកនាំការកសាងខឿន នៃលទ្ធិប្រជាធិបតេយ្យនេះ ឲ្យកាន់តែរឹងមាំជាលំដាប់។

បន្ថែមពីលើនេះ លោក ម៉ម សារិន បានថ្លែងថា នៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ នៃសេចក្តីត្រូវការចង់ស្វែងយល់ និងស្វែងដឹងរបស់យុវជនគណបក្សប្រជាជនកម្ពុជា អំពីកិច្ចដំណើរការកសាង និងអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការស្វែងយល់ដឹង អំពីសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយមានគោលដៅបង្ហាញជូនស្រទាប់យុវជនគណបក្ស អំពីចំណេះដឹង សីលតម្លៃ បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍប្រទេសជាតិ ដែលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជាពិសេស ការផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមករវាងយុវជន ក្នុងស្មារតីជាមហាគ្រួសារយុវជន ក្រោមដំបូលគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក កែ ប៊ុនខៀង ស បានថ្លែងមតិស្វាគមន៍ និងបន្តកោតសរសើរដល់គណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច ដែលមានផែនការសកម្មភាពយុវជនជាក់លាក់ និងបានអនុវត្តន៍តាមផែនការប្រកបដោយជោគជ័យ ជាពិសេសសម្រាប់ការងារផ្សព្វផ្សាយ បញ្ជ្រាបទស្សនៈ និងពង្រឹងស្មារតីរបស់យុវជន។

លោក វង្សី វិស្សុត បានធ្វើបទបាឋកថា អំពីនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតលើ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល របស់កម្ពុជា»

លោក បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចកិច្ចការល្អ នៅលើវិស័យសេដ្ឋកិច្ច ដែលបានទទួលការកោតសរសើរពីដៃគូអភិវឌ្ឍន៍ថា ជាឯកត្តករនៃកំណើន, ជាប្រទេសដែលមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានកម្រិតបំណុលទាបនៅក្នុងអាស៊ាន និងក្នុងពិភពលោក។ មូលដ្ឋាននៃកំណើនក្នុងសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងប្រែប្រួល កាន់តែរឹងមាំ ប៉ុន្តែតទៅមុខទៀត កម្ពុជាត្រូវការកម្លាំងចលករថ្មី ដើម្បីជំរុញ និងធានាកំណើនប្រកបដោយចីរភាព ឆ្ពោះទៅកាន់ការសម្រេចឱ្យបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ជាប្រទេសចំណូលខ្ពស់ ជាប្រជាជាតិមួយរីកចម្រើនរុងរឿង ដែលជាបំណងប្រាថ្នារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

កម្មវិធី បទបឋកថានេះ យុវជនជាសមាជិកគណៈកម្មាធិការសាខាបក្ស នៃអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទគណៈកម្មាធិការគណបក្សក្រសួង បានទទួលស្គាល់អំពីសាវតារ បុព្វហេតុ និងទស្សនវិស័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព រួមទាំងនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់គណបក្ស និងរាជរដ្ឋាភិបាល ដែលបានធ្វើដំណើរឆ្លងកាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលដ៏លំបាក និងបានធ្វើកំណែទម្រង់ដើម្បីប្រសិទ្ធភាព និងការអភិវឌ្ឍ ព្រមទាំងប្តេជ្ញាគាំទ្រ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យនាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕