(ភ្នំពេញ)៖ លោក​ អ៉ិត​ សំហេង ប្រធានក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយខណ្ឌចំការមន រាជធានីភ្នំពេញ បានជំរុញ​សមាជិកបក្សជា​ង ៣ពាន់នាក់ នៅ​សង្កាត់​បឹង​កេង​កង១ ត្រូវបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ។ ជាពិសេសបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងវឌ្ឍនភាពរបស់ជាតិកម្ពុជា។

ក្នុងពិធី​សំណេះសំណាល​ជាមួយសមាជិកគណបក្ស​ប្រជាជន​កម្ពុជា​ជា​ង ​៣,០០០នាក់ មក​ពី​សង្កាត់​បឹង​កេង​កងទី​១ រាជធានីភ្នំពេញ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ នាថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង បានកោត​សរសើរដល់​សមាជិកគណបក្ស​ប្រជាជន​កម្ពុជា​ សង្កាត់​បឹង​កេង​កង​១​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត​កម្មវិធី​នយោបាយរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅអាណត្តិទី​៥​ កន្លងមក ដើម្បីរួម​ចំណែក​អភិវឌ្ឍ​ន៍សង្កាត់ សម្រេចបានរាល់សមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះការអភិវឌ្ឍ​គម្រោងអចលនទ្រព្យ​ ដែលជាសក្ដានុពលដ៏សំខាន់មួយផងដែរនៅ​រាជធានី​ភ្នំពេញ​។

លោក អ៉ិត សំហេង បានថ្លែងដូច្នេះថា «សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មានស្មារតី​សាមគ្គី​គ្នា​យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលធ្វើឲ្យគ្រប់ការបោះឆ្នោតនាពេលកន្លងមក តែងតែបាន​ទទួល​ជោគជ័យ។ សមាជិកគណបក្សប្រជាជនទាំងអស់នាំគ្នា ត្រូវទៅបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃទី២៩ ខែ​កក្កដា​ ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រូវធានាឲ្យបានជាដាច់ខាតថា សមាជិក​គណបក្សប្រជាជនកម្ពុជាម្នាក់ សន្លឹកឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក ដើម្បីគណបក្សទទួលបានជោគជ័យ​ បន្តរក្សាការពារសន្តិភាព​ ស្ថិរភាព​ និង​អភិវឌ្ឍន៍ប្រទេស​ជាតិ​ជាបន្តទៀត»៕