(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល, និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល បានជំរុញដល់ មន្រ្តីគណបក្សទាំងអស់ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំដោះស្រាយបញ្ហានានា ពិសេសបញ្ហាដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ពេលវេលា តាមរបៀបភ្លៀងរលឹម ឱ្យកាន់តែសកម្មជាងមុន ព្រមគ្នាជាមួយនឹងការបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ។

ការជំរុញនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីរៀបចំត្រួតពិនិត្យផែនការសកម្មភាពការងារ ខណៈដែលការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កាន់តែខិតជិតចូលមកដល់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។

លោក វង្សី វិស្សុត បានប្រាប់ដល់មន្រ្តីបក្ស ទាំងមកពីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន បានស្វែងយល់អំពីស្ថានភាពទូទៅរបស់ប្រទេស ជាពិសេសស្ថានភាពនយោបាយក្នុងពេលថ្មីៗនេះ ពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោត។ ក្រៅពីបានផ្តល់ការណែនាំ និងដំណោះស្រាយជាក់ស្តែង ចំពោះបញ្ហាមួយចំនួន ដែលបានកើតឡើងនៅតាមមូលដ្ឋានភូមិ-ឃុំនានា នៅក្នុងមូលដ្ឋានស្រុកមុខកំពូលរួចមក លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក វង្សី វិស្សុត ក៏បានជំរុញដល់សមាជិកក្រុមការងារទាំងអស់ ត្រូវតែចុះជួបសមាជិកបក្សតាមខ្នងផ្ទះ ឱ្យបានគ្រប់ខ្នងផ្ទះ ដើម្បីសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជាដើម្បីទទួលយកនូវសំណូមពរ ឬស្តាប់មតិយោលបល់ផ្សេងៗពីពួកគាត់។

ជាមួយគ្នានេះ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដូចជាការជួយដល់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទ័លក្រ ដែលមានលំបាកជីវភាពខ្លាំង, ការជួយសាងសង់ផ្ទះ និងជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយធម្មជាតិ និងការចូលរួមថវិកាបុណ្យសពជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ។

លោកបានស្នើសុំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន។

បន្ទាប់ពីបានធ្វើវាយតម្លៃលើសភាពការណ៍ជាក់ស្តែង នៅតាមមូលដ្ឋានភូមិ-ឃុំនីមួយៗរួចមក, អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាពការងាររួមមួយ សម្រាប់គណៈពង្រឹងស្រុក និងឃុំ យកទៅអនុវត្តន៍បន្ត ដើម្បីឆ្ពោះទៅកាន់ជ័យជន្នះ នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ។ លោកប្រធាន ក៏បានណែនាំដល់សមាជិកក្រុមការងារទាំងអស់ ត្រូវយកផែនការសកម្មភាពការងារនេះ ទៅចាត់តាំងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕