(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនស្ត្រីជាមេឆ្នោតជនជាតិវៀតណាម ចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាក់ស្តែង និងដកហូតវត្ថុតាងមួយចំនួន។

នគបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងថា ស្ដ្រីសង្ស័យទាំង២នាក់ រួមមាន ទី១៖ឈ្មោះ បុទុម ស្រីនុច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មេកន្ទុយលេខ និងទី២៖ឈ្មោះ ហ្គេច ជូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មេកន្ទុយលេខដូចគ្នា។

សូមជម្រាបជូនថា កម្លាំងនគរបាលអធិការដ្ឋានខណ្ឌឫស្សីកែវ បានឃាត់ខ្លួន ស្ត្រីសង្ស័យ ទាំង២នាក់ខាងលើ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅ២ទីតាំងផ្សេងគ្នា ដែលស្ថិតនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

នៅពេលចុះបង្ក្រាប សមត្ថកិច្ចដកហូតបានសម្ភារៈដូចជា៖ ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ិចចំនួន០៣ដើម, ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង, និងប្រាក់ចំនួន ១០៤,៣០០រៀល។

សូមបញ្ជាក់ថា សំណុំរឿងនេះ ស្ថិតនៅក្រោមចំណាត់ការ លោក វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕