(កណ្ដាល)៖ លោក កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជនកម្ពុជា ស្រុកល្វាឯម និងសហការី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមកម្មវិធី សំណេះសំណាល និងធ្វើបច្ចុប្បន្នភាពយុវជន និងផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មី ជូនដល់យុវជន ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល សរុបប្រមាណ១៧០រូប។

ក្នុងនោះ កិច្ចសំណេះសំណាល ចែកចេញពីរក្រុម ទី១៖ មានសមាសភាពយុវជនចំនួន៧០រូប មកពីឃុំសារិកាកែវ, ឃុំអរិយក្សត្រ, ទីតាំងធ្វើនៅឃុំសារិកាកែវ និងទី២៖ មានសមាសភាព យុវជនចំនួន១០០រូប មកពីឃុំពាមឱកញ៉ាអុង, ឃុំកោះរះ, ឃុំព្រែកក្មេង ទីតាំងពិធីនៅមន្ទីរបក្សគណបក្សប្រជាជន ស្រុកល្វាឯម ខេត្តកណ្ដាល។

តាមរយៈបទអន្តរាគមន៍របស់លោក កៅ ថាច ជូនដល់ប្អូនយុវជនឲ្យបានជ្រាប និងយល់ដឹង សភាពការណ៍នយោបាយក្រៅប្រទេស ជាពិសេសអំពីបដិវដ្តពណ៌ ដែលជាការកកូរកកាយ ពីបណ្តាប្រទេសមហាអំណាច។

លោក បានបញ្ជាក់ថា កម្ពុជា ក៏ជាជនរងគ្រោះអំពីសកម្មភាព និងការជ្រែតជ្រែក ពីប្រទេសទាំងនោះផងដែរ ប៉ុន្តែដោយការវៃឆ្លាតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន ទើបយើងរក្សាប្រៀបឈ្នះ និងវៃបកបានទាន់ពេលវេលា។

លោកថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នយោបាយការបរទេស ជាដើម-ល- បានធ្វើឲ្យយើង មានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ដោយឡែកការរក្សាបាននូវ សមធម៌ ស្ថេរភាព សន្តិភាព គឺជាគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ យុវជនត្រូវមានភាពស្មោះត្រង់ជាមួយបក្ស និងខិតខំបន្តធ្វើការងារបក្ស ដោយកសាងពង្រីកសមាជិកបក្សឲ្យបានច្រើន ក្នុងនោះការបន្តចុះតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ។

ការប្រើប្រាស់ពាក្យសម្តីដោយសុភាពរាបសារ ក្នុងនោះ ត្រូវយកចំណេះដឹង ដែលខ្លួនបានរៀនសូត្រពីវគ្គបណ្តុះបណ្តាលកន្លងមក ទៅពន្យល់ និងវៃបក ទៅក្រុមអគតិមក លើបក្សប្រជាជន។

រដូវបោះឆ្នោតតំណាងរាស្ត្រខិតជិតមកដល់ បងប្អូនយុវជន ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និងជួយផ្សព្វផ្សាយពីវត្ថុបំណង និងគោលដៅរបស់គណបក្ស ជាពិសេសគោល នយោបាយ អភិវឌ្ឍន៍ភូមិ ឃុំ និងជួយគៀងគរអោយបងប្អូនប្រជាពលរដ្ឋជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន។

លោក កៅ ថាច ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនយុវជន ត្រូវចូលរួមបន្តរក្សា ស្ថេរភាព និងការអភិវឌ្ឍជាតិ ជាមួយគណបក្សប្រជាជន ជាពិសេសត្រូវទៅចូលរួមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា។ ទន្ទឹមនេះ លោកបានឧបត្ថម្ភថវិកា អ្នកចូលរួមក្នុងមួយនាក់ ២០,០០០ រៀលផងដែរ៕