(ពោធិ៍សាត់​)៖​ បុរសវ័យក្មេងម្នាក់បានបើករថយន្ត Lexis RX300 មួយគ្រឿង​ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកឃឿនរង្វង់មូល​ ហើយបែកកង់​រ៉េទៅបុកពំនូកដី​បណ្តាលឲ្យមនុស្សក្នុងរថយន្តរងរបួសស្រាល ២នាក់​ ខណៈ៤នាក់ផ្សេងទៀតមានរងគ្រោះថ្នាក់អ្វីនោះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង​ ១២​៖២៥នាទីរំលងអាធ្រាត្រឈានថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅចំណុចការដ្ឋានសាងសង់រង្វង់មូល​ តភ្ជាប់ពីផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិ លេខ៥៥​ ផ្លូវចូលបូជនីយដ្ឋានឧកញ៉ា​ឃ្លាំង​មឿង​ ស្ថិតក្នុងភូមិកំពែងស្វាយ​ ឃុំស្នាមព្រះ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។

ប្រភពពីមន្ត្រីនគរបាលស្រុកបាកាន​ បានឲ្យដឹងថា​ រថយន្តបង្កម៉ាក​ Lexis RX300 ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AI-2644 ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ បើកបរដោយឈ្មោះ​ ប៉ី​ ភេទស្រី​ អាយុ ២៧ឆ្នាំ​ រស់នៅក្រុងកំពង់ចាម​ រួមដំណើរមានគ្នា ៦នាក់​ ចិន ៤នាក់​ ខ្មែរ ២នាក់។

មន្ត្រីនគរបាលដដែល បានបន្តទៀតថា​ រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើដំណើរពីកើតទៅលិច។​ លុះមកដល់ចំណុចកើតហេតុត្រង់រង្វង់មូលចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវលេខ៥៥ ដោយសារទីនេះជាការដ្ឋានហើយមិនមានការដាក់គំនូសសញ្ញាចរាចរណ៍​ ឬចំណាំងផ្លាតសម្គាល់ការដ្ឋាន​ឲ្យបានត្រឹមត្រូវនោះ ទើបធ្វើឲ្យអ្នកបើកបររថយន្តមើលសូវឃើញ ក៏ជ្រុលបុកខឿនរង្វង់មូល​បែកកង់ ៤គ្រាប់​ រួចក៏ជ្រុលទៅបុកពំនូកដី​បណ្តាលឲ្យមនុស្ស ២នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត​ ដោយឡែករថយន្តត្រូវបានស្ទូចទៅរក្សាទុក នៅការិយាល័យចរាចណ៍ផ្លូវគោកខេត្ត​ រង់ចាំដោះស្រាយនៅពេលក្រោយ៕