(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ ដែលរស់នៅក្នុងខេត្តចំនួន៥ មានខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ និងខេត្ដតាកែវ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ដែលពួកគាត់បានមើលឃើញពិភពលោក យ៉ាងច្បាស់ឡើងវិញ បន្ទាប់ពីធ្វើការវះកាត់ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ មូលនិធិចក្ខុខ្មែរ ដែលសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ។

លោកតា សម សាន ដែលរស់នៅស្រុកបាធាយ ខេត្ដកំពង់ចាម បានលើកឡើថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលបានមើលឃើញឡើងវិញ ដោយជាច្រើនឆ្នាំមកហើយដែលខ្ញុំបានងងឹត មើលមិនឃើញពិបាកណាស់ ទាំងដើរ ការហូបចុក គឺពឹងលើឈើច្រត និងកូនចៅអ្នកមើលថែរហូត តែពេលនេះខ្ញុំបានមើលឃើញឡើងវិញ។ ខ្ញុំសប្បាយចិត្ដណាស់ និងថ្លែងអំណរគុណសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចាត់ឲ្យក្រុមការងារបក្សរបស់លោកមកចុះសួរសុខទុក្ខ មើលថែពួកយើង ពិសេសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដជាច្រើនប្រទេស មកពិនិត្យដល់ភូមិស្រុកផ្ទាល់ពួកយើងផ្ទាល់ និងយកទៅព្យាបាលវះកាត់ នៅភ្នំពេញដោយឥតគិតថ្លៃ រួមទាំងចេញលើសាហុយ ហូបចុក ថែមទៀត »។    

ទន្ទឹមនឹងនោះ លោក សៅ វណ្ណសិរីវុទ្ធ តំណាងឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាអ្នកសម្របសម្រួល មូលនិធិចក្ខុខ្មែរ បានថ្លែងថា «យើងបានសហការជាមួយនឹងមូលនិធិចក្ខុខ្មែរ ចុះទៅពិនិត្យ-ព្យាបាល ភ្នែក របស់ប្រជាពលរដ្ឋយើងទៅដល់មូលដ្ឋានពួកគាត់រស់នៅតែម្ដង ចាប់ពីថ្ងៃទី០៧ ខែឧសភាមក ដោយសម្រាប់អ្នកជំងឺដែលពិនិត្យមិនមានបញ្ហាធ្ងន់ធ្ងរទេ យើងនឹងព្យាបាលគាត់នៅទីនោះតែម្ដង។ សម្រាប់អ្នកជំងឺធ្ងន់ធ្ងរយើងបានបញ្ជូនពួកគាត់មកធ្វើការវះកាត់ភ្នែកនៅមន្ទីរពេទ្យរបស់មូលនិធិចក្ខុខ្មែរ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភានេះ»។

លោកថ្លែងថា ប្រជាពលរដ្ឋដែលទទួលបាន ការពិនិត្យព្យាបាល និងវះកាត់ សរុប២,៩៧៥នាក់ ដែលមកពីបណ្ដាខេត្ដចំនួន៥ រួមមាន ខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ និងខេត្ដតាកែវ ។ ក្នុងនោះអ្នកជំងឺស្រាល យើងបានព្យាបាល និងចែកថ្នាំ វែនតា ជូនពួកគាត់ ក្នុងនោះយើងបានជ្រើសអ្នកដែលមានជំងឺធ្ងន់ ១,២៥៥នាក់ ដែលត្រូវមកពិនិត្យព្យាបាល នៅភ្នំពេញ ហើយរយៈពេល៣ថ្ងៃមកនេះ ពីថ្ងៃទី២៤-២៦ខែឧសភា គឺបានធ្វើការវះកាត់ ៥០០នាក់ហើយ ជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ដែលចំណាយពេលត្រឹម៥នាទីប៉ុណ្ណោះ នឹងធ្វើការវះកាត់ភ្នែក ដោយជោគជ័យហើយ ។គ្រូពេទ្យ ឯកទេស គឺមកពីប្រទេស បារាំង អង់គ្លេស សិង្ហបុរី អាមេរិក ឥណ្ឌា និងប្រទេសដទៃផ្សេងទៀត។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារគណបក្សប្រជាជនម្ពុជា បានសហកាជាមួយនិងមូលនិធិចក្ខុខ្មែរ និងគ្រូពេទ្យស្ម័គ្រចិត្ដ នៅតាមបណ្តាប្រទេស ដើម្បីជួយបម្រើសុខទុក្ខប្រជាពលរដ្ឋកម្ពុជា ៕