(ភ្នំពេញ)៖ ជនសង្ស័យដែលមានជុំនាញខាងកាច់ក សោម៉ូតូយ៉ាងសកម្មចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ ដេញតាមរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនបាន ដកហូតម៉ូតូ១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ក្រោយធ្វើសកម្មភាពលួចកាច់កសោម៉ូតូ ស្រាប់តែត្រូវម្ចាស់គេឃើញទាន់ ប្រហែលជាអស់ល័ក្ខហើយ។

លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការដេញតាមបង្ក្រាបក្រុមជនសង្ស័យជាចោរជុំនាញយ៉ាងសកម្ម ក្នុងការកាច់ កសោម៉ូតូ ទាំង២នាក់ខាងលើនេះ បានធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

លោកអធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ រុន ស៉ីថា អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅភូមិឈើខ្លង ឃុំស្វាយទាប ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ចាន់ វី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាមុខសញ្ញាក្រុមចោរប៉ុនប៉ងកាច់កសោម៉ូតូយ៉ាងសកម្ម។

លោកវរសេនីយ៍ទោ ចាន់ ស្លី បានបញ្ជាក់ពីដំណើររឿង មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាក្រុមចោរជុំនាញធ្វើសកម្មភាពកាច់ កសោម៉ូតូយ៉ាងសកម្ម យ៉ាងដូច្នេះថា៖ នាវេលាកើតហេតុខាងលើ ខណៈពេលក្រុមជនសង្ស័យ កំពុងតែធ្វើសកម្មភាពលួចកាច់ កសោម៉ូតូ ស្រាប់តែត្រូវម្ចាស់គេឃើញទាន់ និងបានប្ដឹងមកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារភ្លាមៗ ធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបានត្រឹមតែមួយសន្ទុះ ស្របពេលកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌយាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ក៏ដេញតាមស្រាវជ្រាវ រហូតឃាត់ខ្លួនត្រួតពិនិត្យ បានរកឃើញឧបករណ៍កាច់ កសោម៉ូតូចំនួន២ដើម និងដកហូតម៉ូតូជិះធ្វើសកម្មភាព១គ្រឿង បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕