(កោះកុង)៖ សមាគមសាសនាធំ"ចំនួន៣ នៅខេត្តកោះកុង រួមមាន៖ សាសនាព្រះពុទ្ធ, សាសនាឥស្លាម និងសាសនាគ្រឹស្ត បានសម្តែងការមិនពេញចិត្ត និងប្រកាសមិនទទួលស្គាល់ចំពោះលោកស្រី វ៉ា រ៉ាវី ដែលត្រូវបានតែងតាំងជាប្រធានស្តីទីមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង។ ការមិនពេញចិត្ត និងប្រកាសមិនទទួលយកបែបនេះ ដោយសារពួកគេយល់ថា ជាការស្នងតំណែងពីឪពុក និងមិនមាន សមត្ថភាពដឹកនាំអង្គភាព។

សមាគមសាសនាធំៗទាំង៣ ក្នុងខេត្តកោះកុង បានបញ្ជាក់ថា លោកស្រី វ៉ា រ៉ាវី ដែលត្រូវតែងតាំងជាប្រធានស្តីទីមន្ទីរធម្មការ និងសាសនា រូបនេះ គឺខ្វះការយល់ដឹងក្នុងភាពអ្នកដឹកនាំផ្នែកសាសនា ខ្វះក្រមសីលធម៌ ចរិយាធម៌ គ្មានភាពស្និទ្ធស្នាល និងមានភាពយឺតយ៉ាវ ក្នុងការងារជាមួយសមាគមសាសនា និងអង្គភាពផ្សេងៗទៀតជាដើម។

ចំពោះការតែងតាំងលោកស្រី វ៉ា រ៉ាវី ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវបានព្រះមេគណ ហេង សំបូរ, លោក ហួរ សារឿន តំណាងសាសនាគ្រឹស្ត, លោក វណ្ណ សាលី តំណាងសាសនាឥស្លាម បានបញ្ចេញមតិបដិសេធដូចគ្នា មិនទទួលស្គាល់ឡើយ ពីព្រោះលោកស្រី ខ្វះបទពិសោធន៍ ក្នុងភាពដឹកនាំផ្នែកខាងសាសនា គ្មានភាពស្និទស្នាល ខ្វះក្រមសីលធម៌ ក្នុងភាពជាថ្នាក់ដឹកនាំធ្វើអ្វីស្រេចតែចិត្ត គ្មានបទពិសោធន៍ក្នុងការងារ មិនបានពិភាក្សាប្រជុំជាមួយសមាគមសាសនាឡើយ។

ហើយមួយវិញទៀត លោកស្រីទើបឡើងកាន់ប្រធានស្តីទីមន្ទីរធម្មការខេត្ត ទើបបានរយៈពេល៣ឆ្នាំ ដោយការរៀបចំឱ្យរបស់លោក ដួង សារឿន អតីតប្រធានមន្ទីរធម្មការ ដែលបានចូលនិវត្តន៍ ដែលត្រូវជាឪពុកបង្កើត។ សមាគមសាសនា បានស្នើឱ្យថ្នាក់ដឹកនាំមើលផង ការតែងតាំងប្រធានមន្ទីរម្នាក់ៗ ត្រូវយកអ្នកមានចំណេះដឹង យល់ពីការងារ ទើបប្រទេសជាតិ មានភាពរីកចម្រើនទាំងផ្នែកប្រទេសជាតិ ទាំងសាសនា មិនមែនតែងតាំងតែមនុស្សអវិជ្ជានោះទេ។

ក្រោយមានការបដិសេធ ពីសមាគមសាសនាទាំង៣ ក្នុងខេត្តបែបនេះ លោកស្រី វ៉ា រ៉ាវី បានចេញមកបកស្រាយ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌មាន នៅថ្ងៃទី២៥ ខែឧភា ឆ្នាំ២០១៨ ដោយលោកស្រីថ្លែងថា បញ្ហានេះលោកស្រីមិនដឹងអ្វីទាំងអស់ សម្រេចខាងក្រសួង ជាអ្នករៀបចំ, ជាអ្នកសម្រេចមើលឃើញការងារក្នុងមន្ទីរ ហើយការដាក់សំណើទៅថ្នាក់ក្រសួង ដើម្បីឱ្យក្រសួងរៀបចំប្រធានមន្ទីរធម្មការខេត្ត ក្នុងនោះ មានអនុប្រធានចំនួន២រូប រូបលោកស្រី១រូប ជាប្រធាន, លោក សំ ធឿន ជាអនុប្រធាន។

លោកស្រីបានបន្ថែមថា ការបដិសេធរបស់សមាគមសាសនាទាំង៣ ហាក់បីដូចមានភាពអយុត្តិធម៌ ចំពោះរូបលោកស្រីខ្លាំងណាស់ ហេតុដូច្នេះលោកស្រី បានសូមឱ្យអភិបាលខេត្ត និងថ្នាក់ក្រសួងរកយុត្តិធម៌ជូនលោកស្រីផង។ លោកស្រីបានបញ្ជាក់ទៀតថា ចំពោះការងាររាល់ថ្ងៃ មិនដែលមានថ្នាក់ខេត្ត ឬថ្នាក់ក្រសួងស្តីបន្ទោសឱ្យអ្វីទេ ក្នុងការបម្រើខាងសាសនា ព្រោះលោកស្រី អនុវត្តន៍ទៅតាមតួនាទីគោលការណ៍ របស់ថ្នាក់ខេត្ត និងក្រសួងប្រគល់ជូនតែប៉ុណ្ណោះ៕