(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ត្រូវបានឪពុកញៀនថ្នាំ និងមានប្រពន្ធចុង បានបណ្ដេញចេញពីផ្ទះ និងដឹកតាមម៉ូតូទៅទម្លាក់ចោល នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅតាមផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលប្រទះឃើញ អ្នករត់ឌុបបានសួរនាំ ត្រូវក្មេងប្រុសប្រាប់ថា ដើរកផ្ទះម្ដាយនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចក៏វង្វេងផ្លូវរកមិនឃើញ។ ពេលនោះអ្នករត់ឌុបបានហៅនគរបាល ឱ្យនាំទៅកាន់សាលាសង្កាត់ចោមចៅ៣ ថែរក្សាបណ្ដោះអាសន្ន និងជូនទៅជួបម្ដាយ។

តាមការសាកសួរក្មេងប្រុសខាងលើ បានប្រាប់ថា រូបគេឈ្មោះ ប្រុស រតនា អាយុ១២ឆ្នាំ មានឪពុកឈ្មោះ ហ៊ុន ប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ជាអ្នកប្រើប្រាស់គ្រឿងញៀន រស់នៅម្ដុំផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយឡែក ម្ដាយឈ្មោះ អៀង សុខ ថន អាយុ៣១ឆ្នាំ មុខរបរលក់ផ្លែឈើនៅផ្ទះមានកូនស្រីច្បង អៀង ស្រីណុច យុអាយុ១៤ឆ្នាំ កំពុងរស់នៅជាមួយម្ដាយ នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្មេងប្រុសម្នាក់នេះ បានបន្តថា ឪពុកម្ដាយបានលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ដែលពេលនោះពួកគាត់ទាំង២នាក់ បានចែកកូនម្នាក់មួយ យកទៅនៅជាមួយរៀងៗខ្លួន។ ក្នុងនោះកូនស្រីច្បងមានសំណាងបានទៅម្ដាយ រីឯរូបគេជាកូនប្អូនត្រូវឪពុកយកទៅនៅជាមួយ ហើយមិនដែលបានសុខស្រួលឡើយ ដោយឪពុកមិនដូចម្ដាយទេ មើលថែមិនដិតដល់ឡើយ។

មិនតែប៉ុណ្ណោះ ឪពុកប្រើគ្រឿងញៀនហើយ នៅវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែឧសភា បានបណ្ដេញរូបគេឱ្យទៅនៅជាមួយម្ដាយ ដោយប្រាប់គាត់ចិញ្ចឹមខ្លួនលែងរស់ហើយ។ បន្ទាប់មកឪពុកបានជិះម៉ូតូ១គ្រឿង ដឹករូបគេចេញពីខេត្តកំពង់ស្ពឺ យកមកទម្លាក់ចោលនៅសង្កាត់ចោមចៅ២ រួចក៏បានជិះម៉ូតូគេចខ្លួនទៅបាត់ ហើយដោយមិនដឹងថាទៅរកម្ដាយតាមផ្លូវ ណាទើបដើរគ្មានគោលដៅឡើយ។

មន្រ្តីសាលាសង្កាត់ចោមចៅ៣ បាននិយាយថា ក្រោយនាំទៅដល់សាលាសង្កាត់ធ្វើការសួរនាំរួច កម្លាំងបាននាំក្មេងប្រុសនោះបន្តទៅរកម្ដាយ ហើយឃើញដូចបំណងមែន។ ប៉ុន្តែម្ដាយមិនអាចទទួលយកកូនទៅនៅជាមួយបានឡើយ ព្រោះអីគាត់គ្មានផ្ទះសម្បែង សព្វថ្ងៃស្នាក់អាស្រ័យជាមួយបងស្រី។ ចំណែកបងស្រីនោះ ដែលត្រូវជាអ៊ុក្មេងប្រុសនេះ បានបដិសេធមិនទទួលយកក្មួយម្នាក់នេះឱ្យនៅផ្ទះរបស់ខ្លួនជាដាច់ខាត។

អ៊ុស្រី ថែមទាំងប្រាប់ថា យកក្មេងនេះទៅណាក៏យកទៅ គាត់មិនឱ្យនៅផ្ទះរបស់គាត់ទេ ពេលនោះកម្លាំងមន្រ្តីសង្កាត់រួម និងអ្នកកាសែត ដែលជូនក្មេងប្រុសនេះ ទៅរកម្ដាយក៏បាននាំត្រឡប់ក្រោយវិញ និយាយទៅផ្ញើរខាងស្ថានីយ៍វិទ្យុ ABC ជួយមើលថែបន្តតែម្តង៕