(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ​បានចុះអប់រំណែនាំ និងបើកថ្នាំព្យាបាលផ្តាច់សារធាតុញៀន ដល់បណ្តាអ្នកបើកបរ​ ព្រូឡាន ដឹកអ្នកដំណើរ ដែលមានសារធាតុគ្រឿងញៀនខុសច្បាប់ ក្នុងមូលដ្ឋានខេត្តកំពង់ចាម ចំនួន​២៣​នាក់។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានណែនាំថា ការប្រើប្រាស់គ្រឿងញៀន គឺជាអំពើខុសច្បាប់ ប៉ុន្តែក្នុងអំឡុង នៃយុទ្ធនាការលើកទី៣នេះ គណៈបញ្ជាការឯកភាពបានសម្រេចឯកភាព គឺត្រឹមតែ​ឃាត់​ណែនាំ​អប់រំ រួចធ្វើសាវតាឲ្យបញ្ឈប់ការប្រើប្រាស់សារធារតុញៀន ប្រសិនបើនៅតែប្រព្រឹត្តតទៅទៀត គឺត្រូវធ្វើតាមនិតិវិធីរបស់ច្បាប់ ដោយមិនមានការលើកលែងឡើយ ហើយវិធានការអប់រំនេះ ធ្វើឡើង៤លើកតែប៉ុណ្ណោះ ហើយបន្តទៅទៀត គឺអនុវត្តទៅតាមវិធានការច្បាប់។

នៅចំពោះមុខក្រុមគ្រួសាររបស់អ្នកបើកបរ ព្រូឡានទាំងនោះ លោក គួច ចំរើន​ បានក្រើនរំលឹក ដាស់តឿន សូមកុំបន្តប្រើប្រាស់គ្រឿងញៀន ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា ខូចកិត្តិយសក្រុមគ្រួសារ ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ។

​ជាពិសេសសារធាតុទាំងនោះ ធ្វើឲ្យប៉ះពាល់ ដល់កូនរបស់ខ្លួនផងដែរ​ ដូច្នេះហើយសូម​ប្រញាប់រួសរានទៅព្យាបាល ដោយទៅយកថ្នាំពីបណ្តាមូលដ្ឋាន សុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះដោយឥតគិតថ្លៃ ហើយបន្តមកលោកគ្រូពេទ្យចិត្តសាស្ត្រ បានពន្យល់បន្ថែមពី ឥទ្ធិពលអវិជ្ជមាន នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងរបៀបប្រើប្រាស់ថ្នាំលេបផ្តាច់សារធាតុញៀន ជូនអ្នកបើកបរ ព្រូឡានទាំង២៣នាក់ រួមទាំងបានចែកជូនថ្នាំព្យាបាល បន្សាបគឿងញៀនផងដែរ។​

គួររំលឹក​ថា ក្រោយពីការដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យ អ្នកបើកបរ ព្រូឡាន រថយន្តដឹកទំនិញរថយន្តដឹកអ្នកដំណើរ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ​ឯម កុសល បានបញ្ជាឲ្យកម្លាំងនគរបាលប្រឆាំងបទល្មើស ​សហការជាមួយការិយាល័យចរាចរណ៍ និងជំនាញអធិការដ្ឋាននគរបាល ចុះត្រួតពិនិត្យនៅចំណុច​ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឃាត់អ្នកបើកបររថយន្ត១៧១គ្រឿង រថយន្តក្រុង២៤គ្រឿង សាំយ៉ុង-ទេសចរណ៍ដឹកអ្នកដំណើរ​១៤៧គ្រឿង ធ្វើតេស្តសរុបបានចំនួន២២៩នាក់ អ្នកបើកបរចំនួន១៨១នាក់ ព្រូ៤៨នាក់ ហើយជាលទ្ធផលធ្វើតេស្តវិជ្ជមាន ចំនួន២៣នាក់ អ្នកបើកបរ១៤ ព្រូឡាន ៩នាក់ និងឃាត់រថយន្តរក្សាទុកបណ្តោះអាសន្ន សរុប១០គ្រឿង​៕​