(ព្រះសីហនុ)៖ លោកឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បាន​បើក​កិច្ច​ប្រជុំ​ជាបន្ទាន់​មួយ​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ច្បាប់​ បទបញ្ជា​ នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ និង​​ក្រមសីលធម៌​ សម្រាប់​ភ្នាក់ងារ​សន្តិសុខ​ការពារ​ការិយាល័យ​បោះ​ឆ្នោត។

កិច្ចប្រជុំដែលបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ​មានការចូលរួមពី​​នាយ​-នាយរង​​នគរបាល​ចំនួន​១៣២​នាក់​ និង​កម្លាំង​ប្រជា​ការពារ២៤នាក់​ផងដែរ។

លោកឧត្តមសេនីយ៍ទោ ​ជួន​ ណា​រិន្ទ បាន​ណែនាំកម្លាំងសមត្ថកិច្ច​ដែល​មានតួនាទី​ភារកិច្ច​ការពារ​ ការ​បោះឆ្នោត​ ត្រូវ​យកចិត្ត​ទុកដាក់​ស្តាប់​ការ​ពន្យល់​បកស្រាយ​​របស់​គ្រូ​បង្គោល​ អំពី​ច្បាប់​បទបញ្ជា​នីតិវិធី​ សម្រាប់​ការបោះឆ្នោត​ និង​ក្រមសីលធម៌ ​សម្រាប់​ភ្នាក់ងារ​សន្តិសុខ ការពារ ការិយាល័យ​បោះឆ្នោត ក្នុង​នោះ​ត្រូវ​យល់ដឹង​អំពី​សិទ្ធិ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​វិន័យ​សីលធម៌​ល្អ​។

លោក​ស្នងការ ​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​មាន​សារៈសំខាន់​ណាស់​ ដូច​នេះ​​មិន​អនុញ្ញាត​ឲ្យ​ក្រុម ​ឬជនណា​មក​អុកឡុក​ រារាំង​ គំរាមកំហែង​ បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ការ​បោះឆ្នោត​ជាដាច់ខាត​៕