(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ជាប់ពាក់ព័ន្ធការប្រើអំពើហិង្សាលើពលរដ្ឋ។ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ​ ជនសង្ស័យត្រូវនឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះមានឈ្មោះ សុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត។

បើតាមលោក ជាវ វិបុល ជនសង្ស័យ និងបក្ខពួកមួយក្រុម បានប្រើអំពើហិង្សាទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតេហេតុគេឃើញ ក្រុមជនបង្កបានចាប់ និងវាយយុវជនជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ជនរងគ្រោះគេឃើញស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ៕