(ភ្នំពេញ)៖ កញ្ញា ឈិន មីងលីង នាយកប្រតិបត្តិក្រុមហ៊ុនឆ្នោតកីឡាជាតិ បានដឹកនាំប្រតិភូចូលរួមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ កីឡាជាតិលើកទី២ ក្នុងគោលបំណងលើក​ស្ទួយវិស័យកីឡាគ្រប់ប្រភេទ កិច្ចមនុស្សធម៌ជាពិសេសបន្តប្តេជ្ញាចិត្តចូលរួមលើកស្ទួយកីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូរឡាំពិក។

កញ្ញា ឈិន មីងលីង បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យកីឡា និងទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឆ្នោតកីឡាជាតិ យ៉ាងពេញទំហឹង និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាក្នុងស្រុក និងអត្តពលិកជាតិដោយបាន​រៀបចំពិធីលើកទឹកចិត្តដល់កីឡាករដែលទទួលបានជ័យជំនះផងដែរ។

ទទឹមនឹងនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ ធ្វើឡើងសម្រាប់គោលបំណង លើក​កម្ពស់​កាយសម្បទាផ្នែករាងកាយ របស់ប្រជាជន លើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍកីឡាជាតិ តស៊ូដើម្បីកីឡាជាតិកម្ពុជា​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរាល់មូលនិធិសុខុមាលភាព សាធារណៈទាំងអស់ នឹងត្រូវបានប្រើ ដើម្បីធ្វើការអភិវឌ្ឍសុខុមាលភាពសង្គម ជំនួយ សន្តិសុខ និង​ធុរកិច្ចមួយចំនួនទៀត។ យើងនឹងធ្វើការបណ្តុះបណ្តាអត្តពលិកឆ្នើមៗ និងគ្រូបង្វឹកមួយចំនួនធំរបស់ប្រទេស កម្ពុជា ដើម្បីជំនួបនៅតំបន់អាស៊ីអាគ្នេយ៍នា ឆ្នាំ២០២៣ខាងមុខ​នេះ ឱ្យកាន់តែមានការល្អប្រសើរជាងមុន។

កញ្ញា ឈិន មីងលីង បានបញ្ជាក់ថា យើងគាំទ្រយ៉ាងខ្លាំងដល់កម្មវិធីកាយសម្បទាថ្នាក់ជាតិ, កីឡា និងការសាងសង់ពហុកីឡាដ្ឋាន, ឃោសនា និងលើកតម្កើងស្មារតីកីឡា។ ក្នុងឆ្នាំនេះយើងបានរួមចំណែក អភិវឌ្ឍវិស័យកីឡាដល់សាលារៀនមួយចំនួន, ឧបត្ថម្ភថវិកាដល់អត្តពលិកជាតិ ក្នុងការប្រកួតកីឡាអូឡាំពិក, ឧបត្ថម្ភការប្រកួតកីឡាជាតិលើកដំបូង, ការគាំទ្រជា លក្ខណៈបុគ្គលក្នុងគម្រោង នៃការប្រកួតបោះប៊ូលវ័យចំណាស់។ លើសពីនេះទៀត យើងបានរួមចំណែកឧបត្ថម្ភដល់វិស័យអប់រំ, បរិច្ចាគកំលាំងដល់ សហគមន៍ព្រះពុទ្ធសាសនា ព្រមទាំងទិញអង្ករផ្តល់ជូន ប្រជាជនក្រីក្រផងដែរ។ ប្រទេសចិនមានសុភាសិតមួយថា៖ «ផឹកទឹក កុំភ្លេចប្រភព» យើងតែងតែចងចាំ ក្នុងចិត្តជានិច្ចដល់ ការលើកកម្ពស់កីឡាជាតិ និងបេសកកម្មសុខុមាលភាព សាធារណៈជនយើងជឿជាក់ថា ប្រជាជននិងអង្គការចូលរួម និងគាំទ្រ កាន់តែច្រើនលើ វិស័យកីឡាកម្ពុជា នឹងអភិវឌ្ឍបន្ថែមទៀតដោយចេញពីតំបន់អាស៊ីឆ្ពោះ ទៅកាន់សកលលោក៕