(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានកុមារម្នាក់ផងដែរ ករណីនេះស្ថិតនៅចំណុចលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។​

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ ឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាថ្ងៃទី២៥ ខែឧសភាម្សិលមិញ បង្កឡើងដោយបុរសជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក LEXUS RX 300 ពណ៌ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2AR-1640 ធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាក SUZUKI Smash ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​ 1D-0105 ជិះគ្នា៣នាក់ ដែលធ្វើដំណើរស្របទិសគ្នា។

សមត្ថកិច្ចដដែល បានបន្តថា ជនជាតិចិនដែលបង្កហេតុមានឈ្មោះ ឈ្មោះ​ YI SAONG AON ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​កម្មករសំណង់​ ស្នាក់នៅ​ក្នុង​ភូមិ​អ៊ុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​ (បញ្ជាក់​អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​ទេ)​ រីឯជនរងគ្រោះ​ទាំង៣នាក់ រួមមាន៖ ឈ្មោះ​ សោម ឃឿន ភេទប្រុស អាយុ៦០ឆ្នាំ​ មុខរបរ​មន្ត្រី​នគរបាល​ចូលនិវត្តន៍​, ប្រពន្ធឈ្មោះ​ ឃួន លុន អាយុ៥៨ឆ្នាំ និងក្មេងប្រុសឈ្មោះឃឿន ចាន់លាភ អាយុ០៥ខែ​។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្តីរបង្អែកង្អែក​ខេត្ត​ព្រះសីហនុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន​​ បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់។ រីឯ​វត្ថុ​តាង​រថយន្ត​ និង​ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕