(ត្បួងឃ្មុំ)៖ លោក ចាយ បូរិនអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ប្រាជ្ញ ចន្ទ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបើក និងបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលក្រុមអ្នកច្បាប់ដល់មន្រ្តីគណបក្សក្រុង ស្រុកខេត្តត្បូងឃ្មុំចំនួន២០៩នាក់។

នៅក្នុងពិធីបើកវគ្គនោះ លោក ប្រាជ្ញ ចន្ទ បានលើកឡើង ពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យសិក្ខាកាម ជាគ្រូបង្គោលនៃក្រុមអ្នកច្បាប់មន្រ្តីគណបក្សនៅទូទាំងខេត្តត្បូងឃ្មុំទាំងអស់បានយល់ដឹងអំពីច្បាប់និងនីតិវិធីនានាសម្រាប់ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ។

ទន្ទឹមនឹងនេះ លោក ចាយ បូរិន បានលើកឡើងថា ក្រមសីលធម៌អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយ សម្រាប់អនុវត្តក្នុងការបំពេញភារកិច្ច របស់ខ្លួនដោយជំហរ អព្យាក្រឹត មិនលម្លៀង ដើម្បីធានាឲ្យបាន កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតភាពនិងមានតម្លាភាព ហើយ អ្នកសង្កេតការណ៍បោះឆ្នោត បំពេញការងារដោយពុំមានការជ្រៀតជ្រែក។

តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ បានបន្ថែមទៀតថា គ.ជ.ប ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកសង្កេតការណ៏ជាតិ និអន្តរជាតិត្រូវបានហាមឃាត់នូវការចេញសេចក្តីថ្លែងការឬផ្តល់បទសំភាសន៏ដល់ប្រពន្ធ័ផ្សព្វផ្សាយ ធ្វើសកម្មភាពគាំទ្រដល់គណបក្សនយោបាយឬបេក្ខជនណាម្នាក់បានឡើយ។

នៅក្នុងឳកាសបិទវគ្គបណ្តុះបណ្តាលនោះ លោក ចាយ បូរិន ក៍បានលើកឡើងអំពីច្បាប់វិវាទកម្មពីនីតិវិធីនានាការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនិងការប្រកាសលទ្ធផលបណ្តោះអាសន្នជាដើមផងដែរ។

លោក ចាយ បូរិន សង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះសិក្ខាកាម នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ យកទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួនអោយបានកាន់តែសើរឡើងថែមទៀត៕