(កំពង់ធំ)៖ ឆ្ងាយពីផ្លូវជាតិលេខ៦ ជិត៤០គីឡូម៉ែត្រ ភូមិគោកត្របែក ជាភូមិដាច់ស្រយាលតូចមួយស្ថិតនៅត្រើយខាងកើតជាប់បឹងទន្លេសាប នៃឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បើយើងធ្វើដំណើរពីភ្នំពេញទៅខេត្តកំពង់ធំ ឬខេត្តសៀមរាបតាមបណ្ដោយផ្លូវជាតិលេខ៦ ដល់ភូមិសាស្ត្រស្រុកបារាយណ៍ នៅខាងឆ្វេងដៃយើងនឹងឃើញសាលាឃុំស្រឡៅនៅជាប់មាត់ផ្លូវជាតិ ហើយមានផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅក្បែរសាលាឃុំស្រឡៅ នោះហើយជាផ្លូវឆ្ពោះទៅភូមិគោកត្របែក។

ថ្វីដ្បិតរស់នៅតំបន់ដាច់ស្រយាលដាច់ឆ្ងាយពីទីប្រជុំជនពិតមែន ក៏មិនមែនជាបញ្ហាសម្រាប់ប្រជាពលរដ្ឋអ្នកភូមិគោកត្របែក ក្នុងការទៅចូលរួមបោះឆ្នោតឡើយ ពីព្រោះអ្នកភូមិគ្រប់គ្នាប្ដេជ្ញាថានឹងទៅបោះឆ្នោតឲ្យទាល់តែបាន។

ខណៈកំពុងចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គីយ៉ាងគគ្រឹកគគ្រេង នៅវត្តគោកត្របែក លោកពូ វ៉ា សឿន បានបញ្ជាក់ថា សមាជិកគ្រួសាររបស់លោកពូមានចំនួន ៥នាក់ ហើយបានត្រៀមខ្លួនទៅបោះឆ្នោតទាំង៥នាក់រួចហើយ មិនរុញរាទេធ្វើម៉េចឲ្យតែបានទៅបោះឆ្នោតឲ្យបាន។ លោកពូបន្តថា មេដឹកនាំល្អដែលលោកពូស្រលាញ់ពេញចិត្ត គឺស្ថិតលើសន្លឹករបស់លោកពូ។

ទើបចេញពីបុណ្យផ្កាសាមគ្គីនៅវត្តគោកត្របែក ជាមួយសម្លៀកបំពាក់អាវស ពានាក្រម៉ាស អ្នកមីង សំ វ៉ាង បានបញ្ជាក់ពីការតាំងចិត្តទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខរួចជាស្រេចហើយ។

ជាមួយស្នាមញញឹមសប្បាយរីករាយ ក្រុមប្រជាពលរដ្ឋអ្នកគោកត្របែកមួយក្រុមទៀត ក៏បានបញ្ជាក់យ៉ាងមោះមុតថា ពួកគាត់បានត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ដើម្បីយកទៅបោះឆ្នោតនាពេលខាងមុខ បោះឲ្យគណបក្សដែលពួកគាត់ស្រលាញ់ពេញចិត្ត និយាយពិតធ្វើពិត និងយកចិត្តទុកដាក់ចំពោះពួកគាត់។

ប្រជាពលរដ្ឋអ្នកស្រុកទន្លេមួយភូមិនេះបានបញ្ជាក់ទៀតថា សុខសន្តិភាព និងការអភិវឌ្ឍគ្រប់មូលដ្ឋាននានា តួយ៉ាងដូចជាការអភិវឌ្ឍនៅមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយពួកគាត់ចង់ឲ្យមានបែបនេះបន្តទៅមុខទៀត ពីព្រោះមូលដ្ឋានភូមិគោកត្របែកពីមុនគ្មានផ្លូវគោកសម្រាប់ធ្វើដំណើរដូចសព្វថ្ងៃនេះឡើយ មានតែផ្លូវទឹក គ្មានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រ គ្មានមន្ទីរពេទ្យពិនិត្យ និងព្យាបាលជំងឺ គ្មានប្រភពទឹកស្អាតបរិភោគ និងប្រើប្រាស់ គ្មានវត្តអារាមសម្រាប់ប្រតិបត្តិធម៌ ផ្ទះសម្បែងប្រជាពលរដ្ឋក៏តូចតាចតោកយ៉ាក់ថែមទៀត ប៉ុន្តែឥលូវនេះ ភូមិគោកត្របែកមានផ្លូវគោកធ្វើដំណើរ និងបន្តសាងសង់បន្ថែមជាច្រើនគីឡូម៉ែត្រទៀត មានសាលារៀន មានមណ្ឌលសុខភាព មានវត្តគោកត្របែកមួយជាទីប្រតិបត្តិធម៌ និងមានព្រះសង្ឃគង់ចាំនៅ មានអណ្ដូងទឹកមួយចំនួន និងបន្តធ្វើបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ផ្ទះប្រជាពលរដ្ឋក៏កាន់តែមានភាពសមរម្យជាងមុន សង់ខ្ពស់ផុតពីដីស្អាតៗទៀតផង។

ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាលដ៏តូចមួយនេះ មិនរុញរាក្នុងការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឡើយ ដាច់ខាតធ្វើយ៉ាងណានាំគ្នាទៅបោះឆ្នោតឲ្យទាល់តែបាន៕

សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយអ្នកភូមិគោកត្របែក នៃស្រុកបារាយណ៍៖