(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនអាចឱ្យប្រទេសកម្ពុជា អនុវត្តច្បាប់ដូចអាមេរិកបាននោះទេ ព្រោះកម្ពុជា មានច្បាប់របស់កម្ពុជា រីឯអាមេរិកមានច្បាប់របស់អាមេរិក។

លោកបណ្ឌិត សុខ ទូ​ច បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក Charles Edel អតីតទីប្រឹក្សាក្រសួងការបរទេសអាមេរិក បានរៀបចំបាឋកថាមួយ ស្ដីពី «នយោបាយការបរទេសរបស់អាមេរិក នៅតំបន់អាស៊ី» នៅទីតាំងរាជបណ្ឌិត្យសភា។

លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «អាមេរិក មិនអាចឱ្យកម្ពុជា ដើរដូចអាមេរិកបាននោះទេ ដោយសារតែអាមេរិក បានដើរអស់រយៈពេល៤០០ឆ្នាំជាង ដូច្នេះមិនអាចឱ្យប្រទេសកម្ពុជា ទើបតែទទួលបានសន្តិភាពនៅឆ្នាំ១៩៩៣ ហើយអាមេរិក មិនដែលមានមហាអំណាចណាមួយ ទៅបំផ្លិចបំផ្លាញដូចកម្ពុជានោះទេ»

ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបន្តថា កម្ពុជា ជាប្រទេសដែលកើតឡើង ដោយសារការបោះឆ្នោត ស្របតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរពនូវច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយការអនុវត្តច្បាប់រដ្ឋ ទៅលើអ្នកល្មើសច្បាប់ ជាសិទ្ធិរបស់ខ្លួន មិនត្រូវការសម្រេចពីបរទេសណាមួយនោះទេ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលបាន​អនុវត្តច្បាប់តឹងរឹង លើបុគ្គលមួយចំនួនដែលធ្វើល្មើសច្បាប់បែរជាបរទេសទាំងនេះ នាំគ្នាស្រែកថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តផ្តាច់ការទៅវិញ តែពេលបណ្តាប្រទេសដែលជាសម្ព័ន្ធ របស់ខ្លួនអនុវត្តច្បាប់យ៉ាងតឹងរឹងទៅលើអ្នកប្រឆាំង ឬជនដែលប្រព្រឹត្តខុសច្បាប់វិញ ហេតុអ្វីក៏មិននាំគ្នាស្រែកថាផ្តាច់ផង៕