(ភ្នំពេញ)៖ បើតាមការឲ្យដឹងពីក្រុមការងាររបស់មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យដឹងថាសម្រាប់វេទិកាការងារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានក្រុមហ៊ុនចំនួន៤ ចូលរួម និងមានអ្នកជាប់ការងារស្ថាពរចំនួន៦៦នាក់ និងជាប់បឋមចំនួន៤២នាក់ ក្នុងនោះមានក្រុមហ៊ុន Global House Cambodia ជាប់ស្ថាពរ ៣០នាក់ ធានាគារ AEON ជាប់ស្ថាពរ ២៥នាក់ និងជាប់បឋម ១៥នាក់ ក្រុមហ៊ុន EFG Group ជាប់ស្ថាពរ១១នាក់ និងជាប់បឋម១៦នាក់ និងក្រុមហ៊ុន SONIN Group ជាប់បឋម១១នាក់។

ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ លោក អាំង ភារៈ បានឲ្យដឹងថា ជារៀងរាល់ខែមជ្ឈមណ្ឌលការងារ តែងតែសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីរៀបចំវេទិកាការងារប្រចាំខែ។

លោកបញ្ជាក់ថា «តាមពិតទៅ បើយោងតាមសូចនាកររបស់យើងនៅក្នុងមួយខែ កម្មវិធីនេះត្រូវបានរៀបចំតែម្តងប៉ុណ្ណោះ តែដោយមានការស្នើសុំ នឹងការគាំទ្រ ពីម្ចាស់ក្រុមហ៊ុនភាគច្រើន ទើបយើងរៀបចំវេទិកាការងារនេះពីរដង ក្នុងមួយខែវិញ ដើម្បីជួយបំពេញតម្រូវការក្នុងការជ្រើសរើសបុគ្គលិក។ មិនតែប៉ុណ្ណោះ បើចំនួននិយោជក នៅតែមានការកើនឡើងក្នុងការប្រើប្រាស់ សេវារបស់ NEA បន្តទៀតយើងនឹងធ្វើការពិចារណបន្ថែម ក្នុងកាពង្រីកយន្តការ វេទិកាការងារនេះអោយកាន់តែប្រសើរ»។

លោក អាំង ភារៈ បានបញ្ជាក់បន្ថែមទៀតថា «ព័ត៌មានពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជន ជាពិសេសអ្នកស្វែងរកការងារ ហើយខ្ញុំសង្ឃឹមថា អ្នកដែលកំពុងស្វែងរកការងារទំាងអស់ នឹងព្យាយាមស្វែងរក ប្រភពព័ត៌មានការងារមួយ ដែលច្បាស់លាស់ និងពិតប្រាកដ ហើយ NEA ជាប្រភពព័ត៌មានការងារដ៏សំបូរបែបរបស់រដ្ឋ ដែលលោកអ្នកអាចជឿជាក់ បាន»

គួរបញ្ជាក់ផងដែរថា ក្នុងខែឧសភា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ រៀបចំកម្មវិធីវេទិកាការងារ និងកិច្ចសម្ភាសការងារដល់ទៅ៤ដង ដែលនាំយកឱកាសការងារជាង ២,២០០ កន្លែង ពីបណ្តាលក្រុមហ៊ុនធំៗចំនួន២២ក្រុមហ៊ុន ។

សូមជម្រាបដែរថា វេទិកាស្រដៀងគ្នានេះ នឹងធ្វើឡើងម្តងទៀត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដែលមានក្រុមហ៊ុនចំនួន១០ចូលរួមក្នុងនោះមានក្រុមហ៊ុន CHIP MONG,ក្រុមហ៊ុន YINKOK,ក្រុមហ៊ុន GFG Investment, ក្រុមហ៊ុនបុរី PENG HOURT, មីក្រូហិរញ្ញវត្ថ AMK,ធនាគារ AEON,ក្រុមហ៊ុន Park Cafe, ក្រុមហ៊ុន Brown Cafe,ក្រុមហ៊ុន Dinamic Pharma និងក្រុមហ៊ុន Emcat ដែលមានតម្រូវការបុគ្គលិកប្រមាណ៨០០កន្លែង ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៥៖០០ល្ងាច។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕