(ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១៨​នេះ បានប​ង្ហោះសារនៅក្នុង​បណ្តាញសង្គម Facebook របស់លោកផ្ទាល់ ដោយបានបញ្ជាក់ថា ការតភ្ជាប់អគ្គិសនីឲ្យគេហដ្ឋានប្រជាពលរដ្ឋ បានកើនឡើងដល់ជាង៧០%ហើយ នៅពេលបច្ចុប្បន្ននេះ បើធៀបទៅនឹងកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៦៨.៦៤%ប៉ុណ្ណោះ។

សារក្នុងបណ្តាញសង្គម Facebook របស់លោកមានមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «នៅចុងឆ្នាំ២០១៧ ការភ្ជាប់អគ្គិសនីឲ្យគេហដ្ឋានប្រជាពលរដ្ឋបានកើនដល់២ ៣២០ ០០០ខ្នង​ផ្ទះ​ត្រូវជា៦៨.៦៤% នៃចំនួនផ្ទះសរុបនៅកម្ពុជា (បច្ចុប្បន្នកើនដល់ប្រមាណជាង៧០%) របាយការណ៍របស់ក្រសួងរ៉ែ និង​ថាមពល»

គួររំលឹកថា នៅដើមឆ្នាំ២០១៦ កន្លងទៅនេះ គេហដ្ឋានប្រជាពលរដ្ឋដែលត្រូវបានភ្ជាប់អគ្គិសនីប្រើប្រាស់មានតែប្រមាណ ៤៨,២៣ភាគរយប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពី អគ្គិសនីកម្ពុជាបានចុះហត្ថលេខាអនុវត្តគម្រោងសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ ក្រោមទឹកប្រាក់ ១៨៥លានដុល្លារ ជាមួយក្រុមហ៊ុនចិន China National Heavy Machinery Corporation «CHMC» ដែលគម្រោងនេះនឹងរួចរាល់​នៅរយៈពេល៣៦ខែនោះ នឹងធ្វើឱ្យប្រសើរឡើង​ក្នុងការតភ្ជាប់អគ្គិសនីជូនប្រជាពលរដ្ឋនៅបែកនារតី នៃកម្ពុជាថែមទៀត ហើយបន្ទាប់ពីចាប់ផ្តើមអនុវត្តន៍គម្រោងនេះមក ការតភ្ជាប់អគ្គិសនីឲ្យគេហដ្ឋានប្រជាពលរដ្ឋ បានកើនឡើងជាលំដាប់ ៕