(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសថា គណបក្សយុវជនកម្ពុជា នឹងដាក់ញ្ញត្តិតវ៉ាទៅស្ថាប័នធំៗរបស់រដ្ឋចំនួន៤ ពាក់ព័ន្ធករណីប្រេងសាំងចេះតែបន្ដឡើងថ្លៃ និងតម្លៃផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរ ចេះតែបន្ដចុះថោក មិនសមស្របជាមួយនឹងការចំណាយ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨​នេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ស្ថាប័នរដ្ឋធំៗចំនួន៤ ដែលគណបក្សរបស់លោក នឹងដាក់ញ្ញត្តិតវ៉ានោះ គឺស្ថាប័នរដ្ឋសភា, ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន, ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម ហើយការដាក់ញ្ញត្តិនេះ នឹងធ្វើឡើង នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះតែម្តង។

ប្រធានគណបក្សយុវជនកម្ពុជា បានគូសបញ្ជាក់ថា គោលបំណង នៃការដាក់ញ្ញត្តិទៅក្រសួងពាណិជ្ជកម្ម គឺដើម្បីទាមទារឲ្យតម្លៃប្រេងសាំងចុះថោក ឆ្លើយតបទៅនឹងចំណូលរបស់ប្រជាពលរដ្ឋ ព្រោះថា នៅពេលតម្លៃសាំងឡើងថ្លៃបែបនេះ ហាក់មិនសមមូលជាមួយនឹងចំណូលរបស់ប្រជាពលរដ្ឋនោះទេ ដែលញត្តិនោះទាមទារឲ្យបានដាច់ខាតឲ្យមានការបញ្ចុះតម្លៃសាំង។ ​លោថ្លែងថា៖ «យើងប្រកាសជំហរថ្ងៃនេះ នឹងរៀបចំញ្ញតិ្ដដាក់ទៅក្រសួងពាណិជ្ជកម្ម ពិចារណាដើម្បីរកមធ្យោបាយបញ្ចុះតម្លៃសាំងឲ្យមកសមរម្យ​»។

នៅចំពោះមុខបេក្ខជនឈរឈ្មោះទាំង១៧មណ្ឌល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ខាងមុខនេះ លោក ពេជ្រ ស្រស់ បន្ថែមថា ការដាក់ញ្ញត្តិទៅក្រសួងកសិកម្ម គឺដើម្បីក្រសួងជួយយកទីផ្សារកសិកម្ម និងតម្លៃថ្លៃទីផ្សារកសិកម្ម ព្រោះលោកចង់សម្រួលដល់ប្រជាកសិករ ឲ្យមានជីវភាពកាន់តែប្រសើរ។

យ៉ាងណាមិញ ក្នុងសន្និសីទដដែលនោះ លោក ពេជ្រ ស្រស់ ក៏បានលើកមកបង្ហាញនូវគោលនយោបាយចំនួន៥ចំណុច ដែលគណបក្សរបស់លោកបានដាក់ចេញ ក្នុងនោះក៏មានគោលនយោបាយបញ្ចុះថ្លៃសាំងផងដែរ។ បើតាមលោក ពេជ្រ ស្រស់ គោលនយោបាយទាំង៥ចំណុចនោះ គឺជាមុខព្រួញយ៉ាងសំខាន់ សម្រាប់អនុវត្តភា្លមៗ នៅពេលគណបក្សរបស់លោក ទទួលបានជ័យជម្នះ៕​