(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានទទួលថវិកាពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគំរោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលគាំទ្រសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់​ ដែលមានថវិកាសរុបចំនួន ២.៥លានដុល្លារអាមេរិក​។ នេះបើយោងតាមសេចក្តីប្រព័ត៌មានរបស់ស៊ីម៉ាក់ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៤ ខែឧសភានេះ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ជំនួយនេះស្ថិតក្រោម «គំរោងជំនួយឥតសំណងចិន ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា»

លោកបន្តថា អង្គភាពស៊ីម៉ាក់នឹងដាក់ពង្រាយកំលាំងប្រតិបតិ្តការ៖

​១៖ ​បោសសំអាតមីន មនុស្សធម៌នៅខេត្តស្ទឹងត្រែង​ ព្រះវិហារ​ សៀមរាប និងខេត្តកំពង់ធំ​ ជាមួយនេះ ក៍មានក្រុមជំនាញពិសេសសំរាប់ចល័តឆ្លើយនឹងតំរូវការបន្ទាន់ៗផងដែរ។

២៖​ ស្រាវជ្រាវពត៌មានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតំបន់បឹងទន្លេសាប​ និងខេត្តនៅជាប់បឹងទន្លេសាប​ ចំនួន៨៤០ភូមិ។

៣៖​ ពង្រឹងសមត្ថភាពជំនាញកំចាត់មីនជាតិ​ នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​ និង​មណ្ឌលសុនខហិតមីនជាតិ។

លោក ហេង រតនា បញ្ជាក់ទៀតថា ជំនួយនេះជួយជំរុញល្បឿនបោសសំអាតមីននៅកម្ពុជា​ និងបំពេញកង្វះថវិកានៃវិស័យមីនដែលត្រូវគាំទ្រកំលាំងស៊ីម៉ាក់។ ជំនួយនេះនឹងជួយឲ្យរក្សាបានកំលាំងស៊ីម៉ាក់សំរេចបានគោលដៅនៃផែនការរបស់ខ្លួន៕