(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅវត្តបទុមវតី

សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលនឹងប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកថ្ងៃនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។

ក្នុងពិធីនេះ ក៏នឹងមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈថ្នាក់ទោ ត្រី ចត្វា និងថ្នាក់កិត្តិយស ព្រះមេគណ ព្រះបាឡាត់គណ និងព្រះអនុគណក្នុងរាជធានីភ្នំពេញ និងគ្រប់ខេត្ត ចៅអធិការវត្តក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកតាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-គ្រប់ខេត្ត ព្រមទាំងភ្ញៀវកិត្តិយស ពុទ្ធបរិស័ទ និងសិស្សានុសិស្សផងដែរ។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហឹម ឆែម បានឲ្យដឹងថា ក្រោយពីរស់រានមានជីវិតឡើងវិញនៅក្នុងពេលដំណាលគ្នាតែមួយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសធ្វើឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា មានការបោះជំហានទៅមុខជាលំដាប់ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការវិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ បើតាមលោករដ្ឋមន្ត្រី មកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ ដែលក្នុងនោះខាងគណៈមហានិកាយ មានវត្តចំនួន ៤,៧០០វត្ត មានព្រះសង្ឃ ៦២,១៥៦ព្រះអង្គ ហើយខាងគណៈធម្មយុត្តិកនិកាយ មានវត្តចំនួន ២២៥វត្ត មានព្រះសង្ឃ ៣,៩០០ព្រះអង្គ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះវិស័យពុទ្ធិកសិក្សា បានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់វិស័យ ថ្នាក់ពុទ្ធិកមធ្យមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ មកទល់ពេលនេះ មានពុទ្ធិកសាកលវិទ្យាល័យចំនួន៣ រួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

ក្រៅពីនេះ ក្រសួងនៅមានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន២ផងដែរ គឺពុទ្ធិការមហាវិទ្យាល័យខេត្តកំពង់ឆ្នាំ និងពុទ្ធិកមហាវិទ្យាល័យខេត្តបាត់ដំបង។

លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា ក្រៅពីសមិទ្ធផលក្នុងវិស័យសិក្សាធិការហើយនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា ក៏បានរៀបចំបង្កើតឲ្យមានកម្មវិធីជាច្រើន ក្នុងនោះមាន «កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» និង «កម្មវិធីទស្សនទានព្រះពុទ្ធសាសនា» ដែលកម្មវិធីទាំងនេះ មានការយាង និមន្ត និងអញ្ជើញធម្មកថិកល្បីៗ សម្តែងព្រះធម៌ទេសនា និងការអប់រំផ្សេងៗដល់ពុទ្ធបរិស័ទមកពីគ្រប់ខេត្ត-រាជធានី មន្ត្រីរាជការ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សានានា ចូលរួមស្តាប់ និងសាកសួរនូវបញ្ហាផ្សេងៗផងដែរ ដើម្បីបញ្ជ្រាបការអប់រំឲ្យជៀសផុតពីអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរកុមារ អំពើហិង្សាក្នុងគ្រួសារ និងជៀសផុតពីជំងឺអេដស៍ជាដើម ព្រមទាំងបានធ្វើការចាក់ផ្សាយនៅតាមបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងរដ្ឋ និងឯកជនយ៉ាងទូលំទូលាយរៀងរាល់ថ្ងៃផងដែរ។ ក្រៅពីនោះក៏មានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនៅទូទាំងប្រទេសបានចំនួន ២៨វគ្គ រួចមកហើយ ដែលមានសិក្ខាកាមជាព្រះសង្ឃ អាចារ្យ អាចរិនី សរុប ៩,២០៦អង្គ/នាក់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពវិស័យព្រះពុទ្ធសាសនា ដែលកើតមាននាពេលនេះ គឺជាមនុញ្ញផលដែលកើតចេញពីកិច្ចសហការ រវាងក្រសួងធម្មការ និងសាសនា ជាមួយនិងគណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលតែងបង្កលទ្ធភាពគ្រប់បែបយ៉ាងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ការងារសង្គមកិច្ច មានដូចជាការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ព្រះពុទ្ធបរិស័ទ ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជនចាស់ជរា ស្រ្តី និងកុមារ។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយនោះ វិស័យពាហិរសាសនាក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឲ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕