(ភ្នំពេញ)៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានផងនោះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាពីការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

កិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម នៅទីស្ដីការក្រសួងទេសចរណ៍។

នេះជាកិច្ចប្រជុំលើកទី១ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារអន្តរក្រសួងខាងលើនេះ ក្នុងគោលបំណងរួមគ្នាសិក្សាវាយតម្លៃពីឧត្តមភាព កាលានុវត្តភាព បញ្ហាប្រឈម ដើម្បីដាក់ចេញនូវគោលនយោបាយ ឯកសារបទដ្ឋានគតិយុត្ត និងយន្តការទ្រទ្រង់ចាំបាច់នានា សំដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា។

វិស័យអេកូទេសចរណ៍ បម្រើដល់ការអភិវឌ្ឍ និងទ្រទ្រង់ដល់ការអភិរក្ស ដោយជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន កាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងប្រភពចំណូលជូនដល់ប្រជាជនមូលដ្ឋាន ក៏ដូចជាចូលរួមទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន អភិរក្សជីវចម្រុះផងដែរ។ អង្គប្រជុំបានឯកភាពគាំទ្រលើការជំរុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅតាមសហគមន៍មូលដ្ឋាន ក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាស្រ័យលើសក្តានុពលជាក់ស្តែងរបស់សហគមន៍នីមួយៗ។

ក្រុមការងារអន្តរក្រសួងបានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការកំណត់អត្តសញ្ញាណសហគមន៍ ពិសេសការបន្តពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញតាមគ្រប់រូបភាព និងការអនុវត្តស្ដង់ដារគុណភាពទេសចរណ៍សម្រាប់ផលិតផល និងសេវានៅតាមសហគមន៍ (ដូចជាមគ្គុទ្ទេសក៍សហគមន៍ ផ្ទះស្នាក់សហគមន៍ ផ្ទះស្នាក់ជនបទ ចុងភៅសហគមន៍ជាដើម)។ ការអភិវឌ្ឍសហគមន៍មូលដ្ឋានក៏ទាមទារចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ ឯកជន ប្រជាពលរដ្ឋ សហគមន៍ ទេសចរ និងដៃគូអភិវឌ្ឍន៍ (អង្គការជាតិ និងអន្តរជាតិ) សំដៅធ្វើយ៉ាងណាឲ្យសហគមន៍ទាំងនោះមានលទ្ធភាព ក្នុងការទាក់ទាញទេសចរបានកាន់តែច្រើន។

ក្រុមការងារអន្តរក្រសួង ក៏បានពិនិត្យលើសេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៨-២០៣០ និងឯកភាពដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាពេលខាងមុខ៕