(ភ្នំពេញ)៖ ដោយសារមើលឃើញពីការប្រើប្រាស់គ្រឿងបន្លាស់រថយន្ត (មួយទឹក) ភាគច្រើននៅកម្ពុជា គ្មានស្ដង់ដារត្រឹមត្រូវ ជាហេតុនាំទៅដល់ការបង្កគ្រោះថ្នាក់នានានោះ ក្រុមហ៊ុន Samyo Part ដែលជាក្រុមហ៊ុនផលិត និងបោះដុំគ្រឿងបន្លាស់រថយន្តដ៏ធំមួយរបស់ជប៉ុន នឹងមកបង្កើតរោងចក្រកែច្នៃគ្រឿងបន្លាស់រថយន្តចាស់ៗដំបូងគេនៅកម្ពុជា។

ការបញ្ជាក់ថានេះ ត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សាការងាររវាងលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Keiji Sakai នាយកប្រតិបត្តិក្រុមហ៊ុន Samyo Part នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

ក្នុងកិច្ចពិភាក្សានោះ លោក Keiji Sakai ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដែលជាក្រុមហ៊ុនបោះដុំគ្រឿងបន្លាស់រថយន្ត។ ក្រុមហ៊ុនរបស់លោក ក៏ផលិតគ្រឿងបន្លាស់រថយន្តដែរ មានទីតាំងនៅប្រទេសចិន និងបានចែកចាយក្នុងប្រទេសជប៉ុន។

លោកបន្តថា កាលពី៤ឆ្នាំមុន ក្រុមហ៊ុនរបស់លោក បានមកសិក្សាស្រាវជ្រាវពីទីផ្សារកម្ពុជា ក្នុងនោះឃើញថា ប្រទេសកម្ពុជា បានប្រើប្រាស់រថយន្តជាច្រើន ដែលផលិតដោយប្រទេសជប៉ុន ប៉ុន្តែសម្រាប់ការប្រើប្រាស់គ្រឿងបន្លាស់រថយន្តរបស់កម្ពុជា និយមប្រើប្រាស់តែគ្រឿងបន្លាស់មួយទឹក ដែលពុំមានស្ដងដារច្បាស់លាស់ ពោលមិនធានាសុវត្ថិភាពឡើយ។

លោក Keiji Sakai បញ្ជាក់ថា ដូចនេះហើយ ទើបក្រុមហ៊ុនរបស់លោក សហការជាមួយសាលាមធ្យមសិក្សាបច្ចេកទេស JVC ដើម្បីបង្កើតបច្ចេកវិទ្យាមួយ ដែលកែច្នៃគ្រឿងបន្លាស់រថយន្តចាស់ៗនោះ ឲ្យក្លាយទៅជាថ្មី និងមានស្ដង់ដារ ដើម្បីរក្សាបាននូវបរិស្ថានស្អាត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីកំហុសបច្ចេកទេសលើការប្រើប្រាស់គ្រឿងបន្លាស់រថយន្តមួយទឹកៗ។

លោក ពេជ សោភ័ន បានឆ្លើយតបយ៉ាងពេញចិត្តវិញថា នេះជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលចង់មានជំនាញច្បាស់លាស់ពាក់ព័ន្ធនឹងគ្រឿងបន្លាស់រថយន្ត ពីព្រោះបច្ចុប្បន្នទីផ្សាកម្ពុជា កំពុងត្រូវការជាចាំបាច់ នូវជំនាញច្បាស់លាស់ក្នុងការផលិត និងជួសជុលគ្រឿងយន្ត។

លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យសាលាមធ្យមសិក្សាបច្ចេកទេស JVC លើកជាស្លាកដាក់ឈ្មោះថា «មជ្ឈមណ្ឌលកែលម្អ គ្រឿងបន្លាស់រថយន្តចាស់ៗមានស្ដង់ដារ» ដើម្បីក្លាយជាមជ្ឈមណ្ឌលទី១ ក្នុងប្រទេសកម្ពុជា ដែលកែលម្អគ្រឿងបន្លាស់រថយន្តចាស់ៗឲ្យមានគុណភាព។

លោក ពេជ សោភ័ន បានបង្ហាញភាពជឿជាក់ថា មជ្ឈមណ្ឌលនេះ នឹងដំណើរការទទួលបានជោគជ័យ និងមានការគ្រាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ហើយលោកសង្ឃឹមថា មជ្ឈមណ្ឌលដំបូងគេនៅកម្ពុជានេះនឹងមានស្ដង់ដាត្រឹមត្រូវ ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ ម៉្យាងទៀត ដើម្បីឲ្យរថយន្តបានផ្លាស់ប្ដូរគ្រឿងបន្លាស់ចាស់ៗនោះ ហើយក្លាយជារបស់មួយដែលថ្មី នៅពេលដែលយកមកប្រើប្រាស់ម្ដងទៀតនៅល្អដូចរបស់ថ្មីផងដែរ៕