(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសទទួលស្គាល់ជាផ្លូវការ​នូវគណបក្សចំនួន១៦ ដែលបានចុះបញ្ជីនៅគ.ជ.ប ដើម្បីចូលរួមក្នុងការ​បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នោះ នៅរសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ០១៨នេះ គ.ជ.ប ក៏បានប្រកាស​ទទួលស្គាល់ជាផ្លូវការនូវ គណបក្សនយោបាយ២ទៀត គឺគណបក្សឆន្ទៈខ្មែរ ដែលដាក់បេក្ខជនឱ្យឈរឈ្មោះនៅ២៥មណ្ឌល និងគណបក្សខ្មែរសាធារណរដ្ឋ ដែលដាក់បេក្ខជនឱ្យឈរឈ្មោះនៅ១០មណ្ឌល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅមុននេះបន្ដិច​។

រហូតល្ងាចថ្ងៃទី២២ ខែឧសភានេះ មានគណបក្សនយោបាយសរុបទាំងអស់១៨ហើយ ដែល គ.ជ.ប បានទទួលស្គាល់​ជាផ្លូវការ ដើម្បីឱ្យចូលរួមក្នុងការបោះឆ្នោត ក្នុងនោះរួមមានដូចតទៅ៖

១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។​
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១២៖ គណបក្ស​ធម្មាធិបតេយ្យ ​ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
​១៣៖ គណបក្សមាតុភូមិយើង ​ដាក់បេក្ខជន​ឈរឈ្មោះនៅ ៦មណ្ឌល។
១៤៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៥៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
១៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៧៖ គណបក្សឆន្ទៈខ្មែរ ​ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៨៖ គណបក្សខ្មែរសាធារណរដ្ឋ ​ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។

ចំណែក២គណបក្សផ្សេងទៀត គឺគណបក្សរស្មីខេមរា និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គ.ជ.ប បានផ្ញើលិខិតជូនដំណឹងដល់គណបក្សទាំងនោះ ដើម្បីកែតម្រូវ និងបំពេញលក្ខខណ្ឌបន្ថែម។ គណបក្សនយោបាយនោះមាន ពេលយ៉ាងយូរចំនួន៥ថ្ងៃ ដើម្បីបញ្ចប់នីតិវិធី បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពី គជប។

សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែង មានរហូតដល់ទៅ ២០គណបក្ស៕